ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) និងក្រុមហ៊ុន MSNH បានសហការគ្នារៀបចំបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងអគារ FTB TOWER ក្នុងទំហំវិនិយោគ ១១២ លានដុល្លារអាមេរិក ក្រោមវត្តមានលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីភាគទុនិក សមាជិកក្រុមប្រឹក្សាភិបាល គណ:គ្រប់គ្រងប្រតិបត្តិរបស់ធនាគារ FTB ព្រមទាំងដៃគូធុរៈកិច្ចជាតិ និងអន្តរជាតិជាច្រើនរូប នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ។
អគារ FTB Tower នឹងត្រូវសាងសង់លើផ្ទៃដីសរុប ៧៧ ៥៩៣ ម៉ែត្រការ៉េ ស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា មហាវិថីសហព័ន្ធរុស្សី ជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ខណៈដែលការសាងសងអាគារ FTB Tower នេះមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយនិងមានជាន់ក្រោមដីចំនួន ៤ជាន់សម្រាប់ធ្វើជាចំណត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចត។
សូមជម្រាបជូនថា គម្រោងសំណង់អគារ FTB Tower គ្រោងនឹងប្រើរយៈពេលជិត ៣ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ហើយអគារនេះនឹងក្លាយជាទីស្នាក់ការកណ្តាលថ្មីរបស់ធនាគារFTB ហើយក៏នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់ក្នុងការបង្កើត និងការពង្រីកផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់ធនាគារផងដែរ៕