អាជ្ញាធរខេត្តកែប ចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង២,៧០០ម៉ែត្រ និងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព។
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លោក ប៉ែន សុផល អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ដែលមានប្រវែង២,៧០០ម៉ែត្រ ទទឹង១០០ម៉ែត្រ និងទីតាំងមួយចំនួនទៀត ដែលរដ្ឋបាលខេត្ត បានស្នើរសុំចាក់ពង្រីកឆ្នេរមួយគម្រោងដែលមានផ្ទៃដីជាង ៥ហិចតា។
ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានបន្តចុះពិនិត្យតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន អ្នកឧកញ៉ា ទ្រី ភាព ចំនួន៣ទីតាំង បន្ថែមទៀតផងដែរ។
ថ្លែងក្នុងពេលចុះពិនិត្យទីតាំងអភិវឌ្ឍន៍តំបន់ទេសចរណ៍ក្នុងខេត្តកែបនេះនាថ្ងៃនេះដែរ លោក សោម ពិសិដ្ឋ បញ្ជាក់ថា គម្រោងគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ និងតំបអភិវឌ្ឍន៍ក្រុមហ៊ុន ទ្រី ភាព គឺជាគម្រោងបណ្តុំរដ្ឋបាលរបស់ខេត្ត ហើយគម្រោងទាំងនោះនឹងផ្តល់ប្រយោជន៍ដល់វិស័យទេសចរណ៍ ក៏ដូចជា ផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ការបង្ក្រាបបទល្មើសនានា និងការផ្តល់ព័ត៌មានផ្សេងៗពាក់ព័ន្ធវិស័យទេសចរណ៍ក្នុងខេត្ត។
លោកអភិបាលខេត្តបានបញ្ជាក់បន្ថែមថា គម្រោងឆ្នេរខ្សាច់កំសាន្ត ២,៧០០ម៉ែត្រ កំពុងអនុវត្តជាប្រក្រតី ហើយផ្លូវបេតុងចំនួន៥ខ្សែ ក្នុងនោះ វិថី២ខ្សែ និងអនុវិថី៣ខ្សែ ត្រូវបានកសាងរួចរាល់១០០% ហើយការចាក់ដីបំពេញ ក៏ស្ទើតែហើយ១០០%ដែរ និងកំពុងបន្តរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមគម្រោងដែលបានដាក់ចេញ៕