សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តកើតមាន ខណៈក្រុមមហាសេដ្ឋី និងអ្នកជំនួញធំៗជនជាតិរុស្ស៊ីក៏កំពុងទទួលរងគំនាបសេដ្ឋកិច្ចធ្ងន់ធ្ងរពីបណ្ដាប្រទេសជាច្រើននៅអឺរ៉ុបផងដែរ។
ជាក់ស្ដែង ថ្មីៗនេះលោក Vagit Alekperov ទើបនឹងប្រកាសលាលែងពីតំណែងជា CEO នៃក្រុមហ៊ុនប្រេងធំបំផុតទី ២ ប្រចាំប្រទេសរុស្ស៊ីគឺក្រុមហ៊ុន Lukoil បន្ទាប់ពីមហាសេដ្ឋីរូបនេះទទួលរងគំនាបសេដ្ឋកិច្ចពីចក្រភពអង់គ្លេស។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ចក្រភពអង់គ្លេសចាប់ផ្ដើមរឹតបន្តឹង និងដាក់គំនាបសេដ្ឋកិច្ចទៅលើលោក Alekperov កាន់តែខ្លាំង ដោយបានចោទប្រកាន់លោកថា នៅតែបន្តគាំទ្ររដ្ឋាភិបាលរុស្ស៊ីក្នុងការវាយប្រហារទៅលើអ៊ុយក្រែន។
បញ្ជាក់ដែរថា លោក Alekperov គឺមានទ្រព្យសម្បត្តិសរុបប្រហែល ១៨,៦ ពាន់លានដុល្លារ បើតាមរបាយការណ៍ចុះផ្សាយដោយ Forbes ហើយបុរសម្នាក់នេះបានបោះជំហានលើវិស័យប្រេងដោយបានធ្វើការជាកម្មករខួងអណ្ដូងរ៉ែប៉ុណ្ណោះ។
លុះដល់ឆ្នាំ ១៩៩០ លោកបានក្លាយជាអនុរដ្ឋមន្ត្រីឧស្សាហកម្មប្រេង និងឧស្ម័នរបស់សហភាពសូវៀត ហើយនៅឆ្នាំ ១៩៩១ជាឆ្នាំដែលសហភាពសូវៀតបានដួលរលំ បុរសម្នាក់នេះកែប្រែស្ថានីយប្រេង ៣ កន្លែងដែលគ្រប់គ្រងដោយរដ្ឋាភិបាលទៅជាក្រុមហ៊ុន Lukoil។
Alekperov គឺជាមហាសេដ្ឋីមានបំផុតទី ៨ នៅប្រទេសរុស្ស៊ី បើតាមការបញ្ជាក់ឲ្យដឹងពី Bloomberg Billionaire Index៕
ប្រភព: Yahoo