មហាសេដ្ឋី​ម្នាក់​ទម្លាយ​ថា ការ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ព្រឹទ្ធសភា​អាមេរិក ដោយសារ​ចង់​ផ្ចាញ់ Elon Musk

អន្តរជាតិ

មហាសេដ្ឋី​បច្ចេកវិទ្យា​ Dan O’Dowd កំពុង​តែ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​បោះឆ្នោត​ព្រឹទ្ធសភា​អាមេរិក​នៅ​រដ្ឋ​ California ជាមួយ​នឹង​គោល​បំណង​តែ​មួយ​គត់ គឺ​ចង់​ផ្ចាញ់​មហាសេដ្ឋី​មាន​បំផុត​លើ​លោក Elon Musk។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិក និង​ជាង CEO នៃ​ក្រុមហ៊ុន Green Hills Software ខាងលើ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ទាំងស្រុង​ក្នុង​ឃោសនា​ផ្សព្វផ្សាយ​រក​សន្លឹក​ឆ្នោត ជាមួយ​នឹង​ឆន្ទៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ចង់​លុប​បំបាត់​មុខងារ​ដ៏​ប្លែក​បំផុត​របស់​ក្រុមហ៊ុន​ Tesla គឺ​ ឡាន​បើកបរ​ដោយ​ខ្លួនឯង (Self-Driving) បើសិន​ជា​លោក​ជាប់​ឆ្នោត។

“​ពួក​យើង​មិន​មែន​យក​លុយ​ទៅ​ទិញ​ឡាន​ឲ្យ​ក្រុម​គ្រួសារ​ក្លាយជា​ទីងមោង​ក្នុង​ការ​សាកល្បង​ឡាន​របស់ Tesla ឡើយ។ Elon Musk គឺ​កំពុង​តែ​ធ្វើ​រឿង​ឆ្កួតៗ​ដូចជា​បង្កើត​មុខងារ Full Self-Driving ហើយ​វា​គឺ​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស​ទូទាំង​ប្រទេស”។ នេះ​បើ​តាម​ការ​និយាយ​របស់​មហាសេដ្ឋី​ខាងលើ។

“​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​ Tesla លក់​នូវ​ផលិតផល​ដែល​អាច​បង្ក​គ្រោះថ្នាក់​លើ​ដងផ្លូវ ដែល​មាន​អ្នកបើកបរ​មិន​ត្រូវ​ក្បួន​ខ្នាត​ដល់​ទៅ ៦០ ០០០ នាក់។ នេះ​គឺ​ទាក់ទង​ដល់​បញ្ហា​សុវត្ថិភាព​សាធារណៈ ហើយ​សភា​ត្រូវតែ​ចាត់​វិធានការ​ភ្លាមៗ​អំពី​បញ្ហា​មួយ​នេះ”។

យ៉ាងណា ទាក់ទង​នឹង​បញ្ហា​មួយ​នេះ​សារព័ត៌មាន​ក្រៅស្រុក​មិន​អាច​សុំ​ការ​បំភ្លឺ​ពី Tesla បាន​ឡើយ ប៉ុន្តែ​កាលពី ឆ្នាំ​ទៅ Elon Musk ​ផ្ទាល់​ក៏​បាន​ទទួលស្គាល់​ដែរ​ថា មុខងារ Full Self-Driving គឺ​ពិតជា​មិន​ទាន់​ប្រើប្រាស់​បាន​ល្អ​នៅឡើយ បន្ទាប់​ពី​ទទួល​បាន​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​អតិថិជន​រាប់​ម៉ឺន​នាក់៕

ប្រភព: Nypost