ប្រធានរដ្ឋសភាកម្ពុជា និងឥណ្ឌា ប្តេជ្ញាជំរុញកិច្ច​សហប្រតិ​​បត្តិ​​ការលើផ្នែក​សេដ្ឋកិច្ច ពាណិ​ជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌

សង្គម​ និង​សេដ្ឋកិច្ច

តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណា​ចក្រ​​កម្ពុជា ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌ បានអញ្ជើញ​មក​បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅ​ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបទ្វេភាគីរវាងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា​​ណា​ច​​ក្រកម្ពុជា ជាមួយឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា នៅវិមានរដ្ឋសភា នាព្រឹក​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ភាគីកម្ពុជា និងឥណ្ឌា បានប្តេជ្ញាជំរុញដល់កិច្ចសហប្រតិបត្តិការ​លើផ្នែក សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ប្រទេស​ទាំងពីរ ឱ្យបានគ្រប់ជ្រុងជ្រោយ​បន្ថែមទៀត។

ប្រធានរដ្ឋសភាកម្ពុជានិងឥណ្ឌា បានឯកភាពគ្នា​​​​ក្នុង​​ការ​ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការរវាងរដ្ឋសភា ប្រទេស​​ទាំងពីរឱ្យ​កាន់​តែស៊ី​​ជម្រៅ និងគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌ​ទ្វេភាគី និងអន្តរជាតិ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឥណ្ឌា ក៏បានសម្តែងក្តីសប្បាយរីករាយជាទីបំផុត ចំពោះ​សមិទ្ធផល ជាច្រើន កើតចេញពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាប្រវត្តិសាស្ត្រនៅ​ក្នុងរយៈ​ពេល៧០ឆ្នាំ មកនេះ។ ប្រជាជន​​កម្ពុជា​​-ឥណ្ឌា មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ដែលមានវប្បធម៌ ជំនឿ សាសនា ស្រដៀង​គ្នា។

សម្ដេចពញាចក្រី ហេង សំរិន បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភា នាពេលនេះ ពិតជា​ជំរុញដល់រដ្ឋាភិបាលឥណ្ឌ អនុវត្តការអភិរក្សបេតិកភណ្ឌតំបន់អង្គរ និងបេតិកភណ្ឌ​តំបន់ព្រះវិហារ ដោយសារឥណ្ឌា ជាសហប្រធាននៃគណៈកម្មាធិការអន្តរជាតិស្តារ និងអភិរក្សប្រាសាទ​ព្រះវិហារ ។

ជាការឆ្លើយតប ឯកឧត្តម អំ បឺរឡា បានទទួលសំណើរបស់ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណា​ចក្រ​​កម្ពុជា និង​បាន​សន្យា​ថា នឹងផ្តល់ចម្លើយ​ជាវិជ្ជមានជូនសម្តេច តាមរយៈឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នាពេល​ក្រោយ​បន្ថែមទៀត។

ក្រោយពីជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃនេះ ឯកឧត្តម អំ បឺរ​​ឡា និងគណៈប្រតិភូ នឹងចូលជួបសវនាការជាមួយ សម្ដេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចូល​​ក្រាប​​បង្គំ​​គាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់មក នៅថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២២ គណៈ​ប្រតិភូនឹងអញ្ជើញធ្វើដំណើរទៅខេត្តសៀមរាប​ដើម្បីទស្សនា​ប្រាសាទនានា​ផង​ដែរ ៕