ឥណ្ឌូនេស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងដូងទៅក្រៅប្រទេស ដើម្បីបន្ទាបតម្លៃនៅក្នុងស្រុក

អន្តរជាតិ

ប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាស កាលពីថ្ងៃសុក្រអំពីការហាមឃាត់ ការនាំចេញប្រេងដូងរបស់ខ្លួន ទៅក្រៅប្រទេស ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃប្រេងចម្អិនអាហារ នៅក្នុងស្រុក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រកាសមួយនេះ អាចជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោក ដោយសារតែឥណ្ឌូនេស៊ី ត្រូវគេរាប់បញ្ចូលថាជាប្រទេសដែលផលិតប្រេងដូងកំពូលមួយ ។ ហើយប្រេងដូងគឺជាប្រេងដែលផលិត ប្រើប្រាស់ និងជួញដូរច្រើនជាងគេបំផុត នៅលើសកលលោក ។

គួរឱ្យដឹងថា តម្លៃប្រេងឆា បានហក់ឡើងថ្លៃខ្លាំង បន្ទាប់ពីមានការលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន។ ហើយទាំងអ៊ុយក្រែន និងរុស្ស៊ី សុទ្ធសឹងតែជាប្រទេស ដែលនាំចេញដ៏សំខាន់បំផុត សម្រាប់ប្រេងផ្កាឈូករ័ត្ន ។

យ៉ាងណា ជុំវិញការឃាត់ក្នុងការនាំចេញប្រេងដូងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ខ្ញុំនឹងបន្តតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះ ដើម្បីអាចឱ្យយើងទទួលបានប្រេងចម្អិនអាហារគ្រប់គ្រាន់ នៅក្នុងប្រទេស និងនៅក្នុងតម្លៃសមរម្យ “​ ។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោក Sri Mulyani Indrawati បានប្រាប់រ៉យទ័រថា រដ្ឋាភិបាលទីក្រុងហ្សាការតាយល់ថា ការហាមឃាត់នេះ អាចនឹងប៉ះពាល់ខ្លាំងដល់ប្រទេសផ្សេងទៀត ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា វាគឺជារឿងចាំបាច់ត្រូវធ្វើ ដើម្បីឱ្យតម្លៃប្រេងចម្អិនអាហារ នៅក្នុងស្រុកធ្លាក់ចុះមកវិញ ដោយសារតែតម្រូវការ លើសពីការផ្គត់ផ្គង់៕

ប្រភព: DW News