ឧកញ៉ា លី ឃុនថៃ៖ កិច្ចព្រមព្រៀងនេះជាសម្លេងរួមពីវិស័យឯកជន ទៅកាន់ថ្នាក់ដឹកនាំអាស៊ានបូកបី

ជុំវិញ​ឧកញ៉ា

កម្ពុជា ប្រកាសបើកជាផ្លូវការនៃការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចប្រជុំលើកទី១ ប្រចាំឆ្នាំ២០២២ ដែលចូលរួមពីសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ទាំង១៣ ប្រទេស តំណាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងភាគីពាក់ព័ន្ធផ្សេងៗកាលពីថ្ងៃសុក្រ ទី ២២ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលស្ថិតនៅក្នុងកម្មវិធីអាទិភាពរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតចាប់តាំងពីឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន។

បើតាមលោកឧកញ៉ា ឆ្នាំ២០២២ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បានចូលរជាធរមានជាផ្លូវការ ដូច្នេះការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ពិតជាមានសារៈសំខាន់ ក្នុងការផ្តល់ជារបាយការណ៍អនុសាសន៍ដែលជាសម្លេងរួមរបស់វិស័យឯកជន ទៅកាន់ថ្នាក់ដឹកនាំ អាស៊ានបូកបី។

ជាមួយគ្នានេះ លោកឧកញ៉ា ក៏បានប្រកាសស្វាគមន៍សមាជិកថ្មីរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចចំនួនពីរប្រទេស គឺប្រទេសអូស្ត្រាលី និង នូវែសេឡង់ និងបានដឹកនាំកិច្ចប្រជុំ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមលើលក្ខន្តិកៈនៃក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ សកម្មភាព និងទិសដៅចម្បង សម្រាប់ឆ្នាំ ២០២២។

សូមជម្រាបជូនថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ត្រូវបានបង្កើតឡើងក្នុងគោលបំណងពិនិត្យ និងពង្រឹងលើការអនុវត្ត នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់តាមរយៈការផ្តល់របាយការណ៍អនុសាសន៍ទៅកាន់ថ្នាក់ដឹកនាំ ក៏ដូចជារៀបចំវេទិកា សន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀមសេរីនេះផងដែរ៕