នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ត្រូវបានចាត់ទុកថា ជាការវិនិយោគមួយដែលអាចហុចផលចំណេញខ្ពស់ត្រឡប់មកវិញលឿន។ ទាក់ទងនឹងការវិនិយោគអចលនទ្រព្យនេះដែរ អ្នកជំនាញដែលមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងវិស័យអចលនទ្រព្យឧកញ៉ា ផន វណ្ណិត បានចែករំលែកនូវគំនិតវិនិយោគថា ការបោះទុនចូលទៅក្នុងអចលនទ្រព្យទោះតិច ឬច្រើន ដឹងតែមានផលចំណេញ ប៉ុន្តែមុននឹងសម្រេចចិត្តទម្លាក់លុយទិញដី ត្រូវប្រមើលមើលឲ្យបានលម្អិតទៅលើគោលគំនិតសំខាន់ៗ និងប្រភេទដីដែលចង់ទិញ។
អ្នកជំនាញរូបនេះលើកទឹកចិត្តឲ្យវិនិយោគ ឬទិញអចលនទ្រព្យទុកមិនចេះខុសនោះទេ ១០០%ដឹងតែចំណេញជាក់ជាមិនខាន។ លោកថា វិស័យអចលនទ្រព្យមិនចេះជ្រេះចាប់ ឬផុយស្រួយនោះទេ នៅពេលដែលយើងដឹងចរន្តនៃការលេង (Play)។ យ៉ាងណា ក៏ត្រូវយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។
សមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា ឧកញ៉ា ផន វណ្ណិត បានថ្លែងថា៖ «ខ្ញុំសុខចិត្តក្រដោយសារទិញដី តែដីធានាមិនឲ្យយើងក្រនោះទេ»។ លោកលើកឡើងបែបនេះ ក៏ព្រោះលោកមានជំនឿជឿថា អចលនទ្រព្យ គឺជាម៉ាស៊ីនគិតលុយដ៏សំខាន់និងជាសរសៃឈាមនៃការបង្កើតទ្រព្យសម្បត្តិ។
លោកឧកញ៉ាបានអះអាងថា៖ «បច្ចុប្បន្ននេះជាឱកាសល្អសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ព្រោះរដ្ឋាភិបាលកម្ពុជា បានផ្តល់ភ្លើងខៀវជាច្រើនដល់វិនិយោគិនធ្វើការបោះទុន។ មិនថាសេដ្ឋកិច្ចឡើងឬចុះ ល្អឬអាក្រក់ ឱកាសវិនិយោគអចលនទ្រព្យតែងមានជានិច្ច» ។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ-១៩ ពិតជាបានបង្ខំឱ្យអ្នកអភិវឌ្ឍអចលនទ្រព្យមួយចំនួនខ្លាចរអាល ឬបាក់ស្មារតីក្នុងការវិនិយោគ ក៏ព្រោះគ្រប់ភាគីពាក់ព័ន្ធត្រូវជួបវិបត្តិដូចគ្នារួចមកហើយ។
តែទោះបីជាយ៉ាងណា លោកថា ចរន្តវិនិយោគលើវិស័យអចលនទ្រព្យចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗហើយ។ ឧទាហរណ៍ថ្មីៗនេះ ការបើកឲ្យប្រជាពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងការដើរកម្សាន្តលំហែកាយគ្រប់ទិសទី គឺមានភ្ញៀវទេសចរសរុបចំនួន ៥,១៧លាននាក់ បានដើរកម្សាន្ត។
ឧកញ៉ា ផន វណ្ណិត ថ្លែងបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ « កំណើនដ៏ច្រើននេះ បានផ្តល់លទ្ធភាពរស់រវើកនៃកំណើនសេដ្ឋកិច្ចជាតិ។ ខ្ញុំអាច ព្យាករណ៍បានថា កម្ពុជាពិតជាបានងើបចេញពីវិបត្តិកូវីដ-១៩បណ្តើរៗហើយជាមួយនឹងយុទ្ធសាស្ត្រច្បាស់លាស់។ ចំពោះវិស័យអចលនទ្រព្យវិញ ខ្ញុំមានជំនឿថា នឹងមានសន្ទុះនឹងងើបឡើងវិញ» ៕