លោក អេម៉ានុយអែល ម៉ាក្រុង ​ជាប់ឆ្នោត​ជា​ប្រធានាធិបតីបារាំង​មួយ​អាណត្តិទៀត

អន្តរជាតិ

លោក អេម៉ានុយអែល ម៉ាក្រុង ​ជាប់ឆ្នោត​ជា​ប្រធានាធិបតីបារាំង ​មួយ​អាណត្តិទៀត បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតជុំទី​២ កាលពីថ្ងៃអាទិត្យ​ទី២៤មេសា​ ឆ្នាំ២០២២ ជាមួយ​នឹងសំឡេងឆ្នោត ជាង​៥៨%។ ចំណែក​លោកស្រី​ម៉ារីន ឡឺប៉ែន ដែលជាគូប្រជែង បានសំឡេង​ឆ្នោតចំនួន​ជាង ៤១%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅទីលាន Champ de Mars ខាងក្រោមទួអេហ្វែល ដែលលោកប្រធានាធិបតី ម៉ាក្រុង បានរៀបចំកម្មវិធីជួបជុំជាមួយអ្នកគាំទ្រទាំងអស់ ដើម្បីអបអរជ័យជំនះ របស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មី លោកបានថ្លែងសុន្ទរកថា ថាលោក​នឹងធ្វើជាប្រធានាធិបតី​ បម្រើប្រជាពលរដ្ឋបារាំងទាំងអស់ ដោយ​មិន​បោះបង់ចោល​នរណាម្នាក់ឡើយ។

លោកម៉ាក្រុង បាន​សន្យាថា ក្នុងអាណត្តិថ្មីរបស់​លោក នឹងគឺជាយុគសម័យថ្មី ដែល​លោកនឹងផ្លាស់ប្តូររបៀបដឹកនាំ​ប្រទេស។ លោកក៏សូមអរគុណដែលប្រជាជនបារាំង បាន​លទ្ធភាពជូនលោក៥ឆ្នាំទៀត ដើម្បីឲ្យ​លោក​សម្រេច​គម្រោង កសាងពង្រឹងភាពឯករាជរបស់​ប្រទេស​បារាំង និង​កសាងសហភាពអឺរ៉ុបឲ្យ​កាន់តែរឹងមាំ។

ចំពោះវិនិយោគ​វិញ លោកម៉ាក្រុង សន្យាថានឹងធ្វើដើម្បី​ឲ្យ​មានការផ្លាស់​ប្តូរស៊ីជំរៅ បន្តធានាឲ្យ​មានការរីកចម្រើនជាក់ស្តែងសម្រាប់ពលរដ្ឋម្នាក់ៗ រំដោះ​ភាពច្នៃប្រឌិត និង​គំនិតបង្កើតថ្មី ព្រមទាំងធ្វើឲ្យ​បារាំង ក្លាយជាប្រទេសឈានមុខគេ ក្នុងវិស័យ​ការពារបរិស្ថានធម្មជាតិ៕