អ៊ុយក្រែន ព្រមានដាក់ទោសធ្ងន់ធ្ងរ ចំពោះក្រុមហ៊ុនណាមួយ ដែលបន្តទិញចូលប្រេង និងហ្គាស ពីរុស្ស៊ី

អន្តរជាតិ

យោងតាមទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អ៊ុយក្រែន នឹងកាត់ទោស ក្រុមហ៊ុនណា ដែលបន្តធ្វើពាណិជ្ជកម្មប្រេង និងហ្គាស របស់រុស្ស៊ី ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Oleg Ustenko បាននិយាយ នៅក្នុងបទសម្ភាសជាមួយកាសែតអង់គ្លេស The Observer ថា ” ជំនឿរបស់យើង គឺថាប្រសិនបើក្រុមហ៊ុនទាំងនោះ កំពុងព្យាយាមបង្កើតភ្លើងសង្គ្រាម នោះយើងនឹងកាត់ទោស ហើយនិងប្តឹងពួកគេទាំងនោះ ។ វាអាចក្នុងពេលមួយឆ្នាំ ឬប្រហែលពេល ១០ ឆ្នាំខាងមុខ ប៉ុន្តែ យើងនឹងស្វែងរកពួកគេ ដើម្បីដាក់ទោស ” ។

មិនតែប៉ុណ្ណោះ លោក Ustenko បានប៉ាន់ប្រមាណថា រុស្ស៊ី អាចរកបាន ១,៤ ពាន់លានដុល្លារ ក្នុងមួយថ្ងៃ ពីការនាំចេញប្រភពថាមពលរបស់ពួកគេ។ ហើយកាលពីខែមីនា រដ្ឋមន្ត្រីរូបនេះ បានអំពាវនាវឱ្យមានការហាមឃាត់ជាសកល ជុំវិញការនាំចូលថាមពល ពីប្រទេសរុស្ស៊ី ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskyy បាននិយាយកាលពីសប្តាហ៍មុនផងដែរថា បណ្តាប្រទេសនៅអឺរ៉ុប ដែលបន្តទិញចូលប្រេង និងហ្គាសពីរុស្ស៊ី គឺកំពុងរកលុយបានដោយឈាម ។

គួរឱ្យដឹងថា បើទោះបីជាមានការដាក់ទណ្ឌកម្មពីសំណាក់ប្រទេសលោកខាងលិច លើរុស្ស៊ីក៏ដោយ ប៉ុន្តែប្រទេសមួយនេះ កំពុងតែបន្តរកប្រាក់ចំណូលបានពីការនាំចេញថាមពលរបស់ខ្លួន ច្រើនជាងមុន ពេលមានការឈា្លនពានទៅលើអ៊ុយក្រែន នៅថ្ងៃទី ២៤ ខែកុម្ភ: ទៅទៀត ។

រុស្ស៊ី ត្រូវបានគេព្យាករថា អាចរកចំណូលបានប្រហែល ៣២១ ពាន់លានដុល្លារ ពីការនាំចេញថាមពល នៅឆ្នាំ ២០២២ ដែលជាការកើនឡើង ជាងមួយភាគបី បើធៀបនឹងឆ្នាំ ២០២១ ។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Bloomberg បានចុះផ្សាយ ៕

ប្រភព: Businessinsider