ស្រីលង្កា នឹងទទួលបានជំនួយរហូតដល់ ៦០០ លានដុល្លារ ពីធនាគារពិភពលោក ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ

អន្តរជាតិ

ថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កា បាននិយាយថា ប្រទេសរបស់ខ្លួន នឹងទទួលបានប្រាក់ជំនួយ ពី ៣០០ ទៅ ៦០០ លានដុល្លារអាមេរិក ពីធនាគារពិភពលោក ក្នុងរយ:ពេល ៤ ខែខាងមុខ ដើម្បីទិញថ្នាំពេទ្យ និងរបស់របរសំខាន់ៗផ្សេងទៀត ខណ:ពេលដែលប្រទេស នៅអាស៊ីខាងត្បូងមួយនេះ កំពុងប្រឈមមុខជាមួយវិបតិ្តសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន រយ:ពេលជាច្រើនទសវត្សរ៍មកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Ali Sabri ដែលកំពុងស្ថិតនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ចរចា​អំពីកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ ជាមួយមូនិធិរូបិយវត្ថុអន្តរជាតិ IMF បាននិយាយ នៅក្នុងសន្និសីទតាមរយ:វីដេអូមួយថា ការពិភាក្សាជាមួយ IMF អាចនឹងត្រូវការចំណាយពេលខ្លះ ហើយធនាគារពិភពលោក បានយល់ព្រមផ្តល់ការគាំទ្ររបស់ពួកគេមកកាន់ប្រទេសរបស់យើង នៅក្នុងពេលនេះ ។

មិនតែប៉ុណ្ណោះ លោក Sabri បាននិយាយទៀតថា ប្រទេសជិតខាងឥណ្ឌា ក៏បានយល់ព្រមក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ចំនួន ៥០០ លានដុល្លារ ដើម្បីយកទៅទិញប្រេងឥន្ធន: ហើយការចរចាសុំជំនួយទឹកប្រាក់បន្ថែម ចំនួន ១ ពាន់លានដុល្លារ ពីរដ្ឋាភិបាលទីក្រុង New Delhi ក៏កំពុងស្ថិតនៅក្នុងដំណើរការផងដែរ ។

គួរឱ្យដឹងផងដែរថា ប្រទេសស្រីលង្កា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការប្រកាសក្ស័យធន ដោយសារតែទឹកប្រាក់ជិត ៧ ពាន់លាននដុល្លារ នៃបំណុលបរទេសសរុប ២៥ ពាន់លានដុល្លារ របស់ខ្លួន ដែលចាំបាច់ត្រូវសងត្រលប់ទៅវិញ នៅឆ្នាំនេះ ។

ជុំវិញបញ្ហានេះហើយ ធ្វើឱ្យប្រជាជនស្រីលង្កា បានប្រឈមមុខជាមួយនឹងការខ្វះខាតជាច្រើន នៃរបស់របរសំខាន់ៗ ដូចជាអាហារ ឧស្ម័នចម្អិនអាហារ ប្រេងឥន្ធន: និងថ្នាំសង្កូវ ជាដើម ស្របពេលរដ្ឋាភិបាល បានប្រកាសថា ខ្លួននឹងធ្វើការផ្អាកសងប្រាក់កម្ចីបរទេសទាំងអស់ ​ដោយរង់ចាំការចរចាជាមួយ IMF ជាមុនសិន ៕

ប្រភព: Aljazeera