កាលពីពេលថ្មីៗនេះ លោក Emmanuel Jean-Michel Frederic Macron បានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសបារាំងបន្តថែម ៥ ឆ្នាំទៀត ដែលតំណែងមួយនេះគឺធ្លាប់ត្រូវបានស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោកតាំងពីឆ្នាំ ២០១៧ មកម៉្លេះ។
កាលពីឆ្នាំ ២០១៧ Macron បានក្លាយជាប្រធានាធិបតីបារាំងនៅវ័យត្រឹម ៣៩ ឆ្នាំ ដែលនេះបានធ្វើឲ្យលោកក្លាយជាប្រធានាធិបតីបារាំងក្មេងបំផុតប្រចាំប្រវត្តិសាស្ត្រនៃប្រទេសនៅតំបន់អឺរ៉ុបមួយនេះ ខណៈលទ្ធផលឆ្នោតនាពេលនោះគឺលោកទទួលបាន ៦៦,១% ផ្ដួលគូប្រជែងអ្នកស្រី Marine Le Pen ស្របពេលឆ្នាំ ២០២២ នេះលោក Macron នៅតែអាចផ្ដួលគូប្រជែងបានម្ដងទៀតជាមួយលទ្ធផល ៥៨,៦% ទល់នឹង ៤១,៤%។
ក្រឡេកទៅមើលពីទំហំទ្រព្យសម្បត្តិរបស់ប្រធានាធិបតី ២ អាណត្តិជាប់គ្នាគឺមានប្រមាណ ៧៦ លានដុល្លារ ខណៈប្រាក់ខែរបស់លោកគឺទទួលបានប្រហែល ៤៥០ ០០០ ដុល្លារក្នុងមួយឆ្នាំតាំងពីឆ្នាំ ២០១៧ មកទល់បច្ចុប្បន្ន។
ដោយឡែកបើតាមទិន្នន័យចុងក្រោយបានឲ្យដឹងថា Macron បានទទួលប្រាក់ឧបត្ថម្ភច្រើនជាង ៩០ លានដុល្លារពីក្រុមហ៊ុនផ្សេងៗ ហើយប្រហែល ១៥ លានដុល្លារគឺបានមកពីក្រុមហ៊ុនថាមពល។
ក្រៅពីនោះ ប្រធានាធិបតីខាងលើក៏មានផ្ទះមួយខ្នងទំហំប្រហែល ១ ១១៥ ម៉ែត្រការ៉េ ដោយមានបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងបន្ទប់ធំទូលាយជាច្រើនដូចជា អាងហែលទឹក ២ បន្ទប់គេង ៦ បន្ទប់ទឹក ៨ បន្ទប់ទទួលទានអាហារដែលអាចផ្ទុកមនុស្សបាន ១០ នាក់ កន្លែងអាំងភ្លើង ៣ និងឃ្លាំងផ្ទុកស្រាមួយ។
បញ្ជាក់ដែរថា មុនប្រឡូកចូលក្នុងវិស័យនយោបាយ Macron គឺធ្លាប់ធ្វើជាធនាគារិកឲ្យក្រុមគ្រួសារមហាសេដ្ឋីមានអំណាចបំផុតលើពិភពលោកគឺ គ្រួសារត្រកូល Rothschild ដែលមានទ្រព្យសម្បត្តិសរុបច្រើនជាង ៥០០ ពាន់លានដុល្លារ៕
ប្រភព: Theshahab