លោកធម្មបណ្ឌិត អៀង សុធារ៉ា ប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន ស្នើសុំព្រះសង្ឃយកព្រះទ័យទុកដាក់ចំពោះសុខភាព ឲ្យបានគ្រប់ៗអង្គ ដែលក្រៅពីការប្រុងប្រយ័ត្នលើជំងឺកូវីដហើយ សុំព្រះអង្គប្រុងប្រយ័ត្នចំពោះអាហារនិងភេសជ្ជៈ ទាំងឡាយដែលមានជាតិគីមី និង សារធាតុ ដែលនឹងអាចនាំឲ្យកើតរោគទឹកនោមផ្អែម និង ជំងឺបេះដូងជាដើម ដែលនៅក្នុងនោះក៏មានទាំងភេសជ្ជៈលើកកម្លាំងផ្សេងៗជាដើម ផងដែរ។
លោក អៀង សុធារ៉ា លើកឡើងយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកការប្រឡងធម្មវិន័យខាងព្រះពុទ្ធសាសនា ស្ថិតនៅវត្តកោះប្រាក់ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជាមួយគ្នានេះ គណៈកម្មការជំនាញរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមេសានេះក៏បានបើកកិច្ចប្រជុំពិភាក្សាពន្លឿនការពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីឈានទៅជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិងស្របតាមស្តង់ដាកំណត់។
គួរបញ្ជាក់ដែរថា អង្គការសុខភាពពិភពលោក ធ្លាប់បានបញ្ជាក់ថា៖ ជារៀងរាល់ឆ្នាំមានកុមារជាង២២០ លាននាក់ កើតជំងឺរាករូស ហើយកុមារជាង៩៦,០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ។
ដោយឡែក របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលក៏បានបង្ហាញដែរថា ចាប់តាំងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២១ មានមនុស្ស១១៩នាក់ បានស្លាប់ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន៤,៦៩៩នាក់។
ថ្លែងនៅមុខព្រះសង្ឃដែលបាននិមន្តចូលរួមប្រឡង ចំនួន ៥៨៧ អង្គ លោក អៀង សុធារ៉ាបានជំរុញឲ្យព្រះសង្ឃត្រូវបង្កើនសមត្ថភាពតាមរយៈការសិក្សាធម្មវិន័យនេះ យកទៅអប់រំពុទ្ធបរិស័ទ ខ្មែរ ដែលកំពុងតែមានសេចក្តីធ្វែសប្រហែសអំពីសុខភាព សមត្ថភាព និងគុណធម៌ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។
បើតាមលោកបណ្ឌិត ធម្មវិន័យ ដែលព្រះសង្ឃទាំងអស់បានរៀនរួចមកហើយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ សម្រាប់សង្គមកម្ពុជាមួយដែលពលរដ្ឋមានសុខភាពល្អ មានសមត្ថភាពខ្ពង់ខ្ពស់ និងមានគុណធម៌ល្អ ក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍប្រទេសជាតិ៕