ក្រុមហ៊ុន ​ឈេហ្វរ៉ុន បើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានីយប្រេងឥន្ធនៈកាល់តិចទី៥០ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ថិតនៅផ្លូវព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនកាល់តិច ដែលកំពុងវិនិយោគនៅកម្ពុជា ក្នុងទិសដៅពង្រីកស្ថានីយផ្តល់សេវារបស់ខ្លួនឱ្យបាន ១០០ស្ថានីយក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ ដែលចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Sim Kongkea ប្រធានក្រុមហ៊ុន ​ឈេហ្វរ៉ុន និងជាម្ចាស់​ស្ថានីយប្រេងឥន្ធនៈកាល់តិច​​ បានលើកឡើងពី​ដំណាក់​​កាលរីកចម្រើនថ្មីមួយទៀតនៅក្នុងការផ្តល់សេវារបស់ខ្លួននៅកម្ពុជា ជាពិសេសនៅក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន​នៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជា​នាពេលអនាគត។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសម្ពោធនាពេលនេះ បានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។

លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរអំពីកំណើននៃការចុះបញ្ជីយានយន្តអគ្គិសនីចំនួន ៧០០%ក្នុងរយៈពេល៣ខែដំបូងឆ្នាំ២០២២ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។

ជាមួយនឹងការគាំទ្ររបស់UNDP ក្រសួងបាន និងកំពុងធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងភាគីពាក់ព័ន្ធផ្សេងទៀតដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវគោកឆ្នាំ២០២២-២០៣១។ សេចក្តីព្រាងគោលនយោបាយនេះទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងច្របាច់បញ្ចូលជាមួយគោលនយោបាយស្ដីពីការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវដែក។ លោក ស៊ុន ចាន់ថុល បន្ថែម។

ទន្ទឹមនឹងនោះ ក្រសួង ក៏មានបំណងបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បីសិក្សាបន្ថែម និងអភិវឌ្ឍន៍គោលនយោបាយជាតិទូលំទូលាយមួយស្ដីពីយានយន្តអគ្គិសនី ហើយបច្ចុប្បន្ននេះអង្គការ UNDP កំពុងជួយជ្រោមជ្រែងដល់ក្រសួងក្នុងការបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការដំឡើងស្ថានីយសាកថ្មយានយន្តអគ្គិសនីនៅទូទាំងប្រទេស។

បើតាមលោកទេសរដ្ឋមន្ត្រី ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការUNDPនៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ហើយក្រសួងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ដែលផ្ដល់ដោយអង្គការ UNDPនៅក្នុងក្រុងព្រះសីហនុ៕