ម៉ាកយីហោរថយន្តរបស់ប្រទេសជប៉ុន ដែលមានរួមទាំង Toyota និង Mitsudibshi កំពុងតែក្លាយជាម៉ាករថយន្ត ដែលលក់ដាច់ខ្លាំងបំផុត នៅក្នុងចំណោមរថយន្ត ដែលនាំចូលមកកាន់ទីផ្សារប្រទេសវៀតណាម នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ។
ជាក់ស្តែង Toyota លក់រថយន្តបានប្រមាណ ១១ ៦៦១ គ្រឿង ស្របពេល Mitsubishi មានការនាំចូលរថយន្តប្រមាណ ៧ ៧៩៧ គ្រឿង ខណ:តាមពីក្រោយ ដោយម៉ាកយីហោជប៉ុនផ្សេងទៀត ដូចជា Honda , Mazda និង Suzuki ។
គួរឱ្យដឹងថា កាលពីឆ្នាំមុន Toyota , Mitsubishi និង Suzuki បានលក់រថយន្ត ដែលនាំចូលច្រើនជាងគេ ខណ: Toyota តែឯង អាចលក់បានច្រើនជាងពាក់កណ្តាលនៃរថយន្ត ដែលនាំចូលទាំងអស់ទៅទៀត ។
យ៉ាងណា ១៥ ក្នុងចំណោម ១៧ ម៉ូដែល ដែល Toyota លក់ដាច់ខ្លាំងបំផុត គឺជាបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី ថៃ និង ជប៉ុន ស្របពេលម៉ូដែល Sedan Vios និង SUV Innova ត្រូវបានដំឡើងនៅក្នុងស្រុក ខណ: SUV Fortuner ត្រូវបានដំឡើង និងនាំចូលពីក្រៅប្រទេស ។
ដោយឡែក វៀតណាម ក៏បាននាំចូលរថយន្ត Mitsubishi ច្រើនផងដែរ ជាមួយនឹងម៉ូដែល MPV Xpander ដែលលក់ដាច់ខ្លាំង ត្រូវបាននាំចូលពីប្រទេសឥណ្ឌូនេស៊ី និងមានប្រមាណ ៥៣% នៃការនាំចូលសរុប សម្រាប់ការលក់ កាលពីឆ្នាំមុន ។
ជាមួយគ្នានោះ Suzuki និង Isuzu ត្រូវបាននាំចូលពីប្រទេសថៃ និងឥណ្ឌូនេស៊ី ខណ:រថយន្ត Mazda ត្រូវបានចែកចាយដោយក្រុមហ៊ុនក្នុងស្រុក Troung Hai Auto Corporation ដែលបាននាំចូលពីប្រទេសថៃដូចគ្នា នៅក្នុងចំនួនប្រមាណ ៧ ០០០ គ្រឿង ដែលស្មើនឹង ២៦% នៃការលក់រថយន្ត Mazda សរុបទាំងអស់ នៅក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន ៕
ប្រភព: VN Express