រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ស្នើឲ្យវិនិយោគិនជប៉ុន ​មក​វិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាតនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានស្នើឱ្យសមាគមន៍ជប៉ុន​កម្ពុជា ​បន្តកៀគរ​អ្នកវិនិយោគបន្ថែមទៀតមកកម្ពុជា ក្នុងនោះគួរពិនិត្យបន្ថែមលើការវិនិយោគក្នុងឧស្សាហកម្មរ៉ែ និងប្រេងកាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការស្នើរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ដូចនេះបានធ្វើឡើងនៅក្នុង ជំនួប​​សម្ដែង​ការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូវិនិយោគិនជប៉ុន ដែលដឹកនាំដោយ លោក Fumaiki TAKAHASHI ប្រធានសមាគមជប៉ុន​កម្ពុជា​ និងជាអតីតឯកអគ្គរាជ​ទូតជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ​២៥ ខែមេសា ឆ្នាំ២០២២ ។

លោក ស៊ុយ សែម បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែគិតគូរ​ និងជួយ​ដល់ការអភិវឌ្ឍវិស័យក្រសួង ក្នុងនោះរួមមាន ការសិក្សាស្រាវជ្រាវសក្តានុពលរ៉ែ ការផ្តល់​ជំនួយហិរញ្ញវត្ថុក្នុងការសាងសង់រោងចក្រថាមពលអគ្គិសនី ការសាងសង់ខ្សែបណ្តាញបញ្ជូន គ្រឿងបរិក្ខាអគ្គិសនីជាដើម។

ក្រោយជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ភាគីជប៉ុន បានស្វែងយល់អំពីតួនាទីភារកិច្ច និងការគ្រប់គ្រងវិស័យរ៉ែ ថាមពល និងប្រេងកាត។ ហើយវិនិយោគិនជប៉ុន ក៏បង្ហាញចំណាប់​អារម្មណ៍អំពីការវឌ្ឍននៃវិស័យថាមពលនៅកម្ពុជា ជាពិសេសគឺការបង្កើនល្បឿនអន្តរកាល​ថាមពល ដែលជាការអភិវឌ្ឍថាមពលស្អាត ថាមពលដើរដោយពន្លឺព្រះអាទិត្យ អាចសន្សំសំចៃ​ថាមពលបានខ្ពស់ និងមានអព្យាក្រឹត្យកាបូន។

គួរបញ្ជាក់ថា ​ កាលពីដើមខែមេសា ឆ្នាំ២០២២ ក្រសួងរ៉ែ ​និងថាមពល ​បាន​អះអាងថា​ បច្ចុប្បន្ន​មានក្រុមហ៊ុន​មក​ពីបណ្តា​ប្រទេស​ចំនួន៥​ កំពុង​ចាប់អារម្មណ៍ ​និងសម្លឹង​មើល​អំពីលទ្ធភាព​ជីករុក​រក​ប្រេង ​និង​ឧស្ម័ន​នៅកម្ពុជាក្រោយក្រុមហ៊ុនបូមប្រេងរបស់សឹង្ហបុរីKrisEnergy បានប្រកាសក្ស័យធន់កាលពីដើមខែមិថុនា ឆ្នាំ២០២១ ។ ​ក្រសួងរ៉ែ ​និងថាមពល ចាត់ទុកថា វត្តមាន​នៃក្រុមហ៊ុន​ទាំង​អស់​​នេះ ​ជាក្តីសង្ឃឹម​ថ្មី​របស់កម្ពុជា​ក្នុង​ការបន្ត​ប្រតិបត្តិការ​បូមប្រេង​ឡើងវិញ ៕