រដ្ឋាភិបាលអាមេរិក ផ្តល់កញ្ចប់ថវិកាឥតសំណងប្រមាណ ៦២លានដុល្លារ មកឲ្យកម្ពុជាសម្រាប់វិស័យសុខាភិបាល, អប់រំ, កសិកម្ម និងបរិស្ថាន។ នេះបើតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍(USAID) នៅថ្ងៃទី២៥ ខែមេសានេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (DOAG) រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦២ លានដុល្លារអាមេរិក សម្រាប់ឆ្នាំទី១នៃកិច្ចព្រមព្រៀង ៥ឆ្នាំនេះ។ ក្នុងនោះហិរញ្ញប្បទានប្រមាណ ៤១,៦ លានដុល្លារ សម្រាប់វិស័យសុខាភិបាលនិងអប់រំ និង ២០,៥ លានដុល្លារអាមេរិក សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភ្នាក់ងារអនុវត្តគម្រោងនានានៅកម្ពុជា។
សូមជម្រាបជូនថា ចាប់ពីតឆ្នាំ១៩៩២ មកដល់ឆ្នាំ២០២១ អាមេរិកបានផ្តល់ហិរញ្ញប្បទានការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណ ១,៧ពាន់លានដុល្លាអមេរិក ដើម្បីគាំទ្រដល់វិស័យសុខាភិបាល អប់រំ បរិស្ថាន កសិកម្ម អភិបាលកិច្ច ការអភិវឌ្ឍបែបប្រជាធិបតេយ្យ និងកម្មវិធីដោះមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ៕