កម្ពុជា ស្នើអ៊ីតាលីពិចារណាឡើងវិញ​ពីការយក​ពន្ធខ្ពស់​លើការនាំចូលអង្កររបស់កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជាបានស្នើឱ្យប្រទេសអ៊ីតាលី ពិនិត្យពិចារណាឡើងវិញអំពីការយកពន្ធខ្ពស់លើការនាំចូលអង្កររបស់​កម្ពុជា។ កាស្នើរបស់កម្ពុជាដូចនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ​ រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោក Lor​en​zo GALANTI ឯកអគ្គ​រដ្ឋទូតអ៊ីតាលីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សុខុន បានលើកឡើង អំពីសារសំខាន់នៃទំនាក់ទំនងយូរលង់ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ីតាលី និង បានជំរុញលើកទឹកចិត្តឱ្យពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏លើកឡើងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើរដែលបានស្តែងឱ្យ ឃើញតាមរយៈការផ្លាស់ប្ដូរពាណិជ្ជកម្ម និងវត្តមាននៃម៉ាកផលិតផល និងហាងអាហារល្បីៗរបស់អ៊ីតាលី នៅក្នុងប្រទេសកម្ពុជា បើទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ក្ដី ទំហំពាណិជ្ជកម្ម ទ្វេភាគីកម្ពុជា​និងអ៊ីតាលី គឺមានស្ថិរភាពល្អ និងបន្តកើនឡើងលំដាប់ ព្រមទាំងបានលើកទឹកចិត្តឱ្យភាគីទាំងពីររិះរកមធ្យោបាយ ប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីជំរុញកំណើនទំហំពាណិជ្ជកម្ម។

ក្នុងជំនួបនោះ សម្រាប់កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនានា លោក Lor​en​zo GALANTI ឯកអគ្គរដ្ឋ​ទូតអ៊ីតាលី បានជម្រាបជូនរដ្ឋមន្ត្រីការបរទេសកម្ពុជា អំពីការដាក់បេក្ខភាពអ៊ីតាលីជាប្រទេសរៀបចំ World Expo 2030 ព្រមទាំងបានស្នើសុំការគាំទ្រពីកម្ពុជា។

លោក Lor​en​zo GALANTI ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះកម្ពុជាផងដែរ ដែលបានគាំទ្រ​បេក្ខភាពរបស់អ៊ីតាលីនៅក្នុងស្ថាប័នជំនាញផ្សេងៗរបស់អង្គការសហប្រជាជាតិ៕