ក្រសួងសាធារណការនិងដឹកជញ្ជូនបានដាក់សម្ពោធជាផ្លូវការស្ថានីយបញ្ចូលថាមពលអគ្គិសនីទីពីរដែលមានទីតាំងនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ។ បើតាមមន្រ្តីនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីនេះ មានសមត្ថភាពខ្ពស់ សាកមួយពេញប្រើពេលត្រឹម ១៥ នាទី ទៅ ៣០ នាទីប៉ុណ្ណោះ។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា ស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ខេត្តព្រះសីហនុ ជាស្ថានីយទីពីរបន្ទាប់ពីស្ថានីយទីមួយដែលបានសម្ពោធនៅក្រសួងសាធារណការ។
ស្ថានីយដែលក្រសួងសម្ពោធឲ្យប្រើប្រាស់នេះ បំពាក់កម្លាំងថាមពល ១៥០ អំពែ ដែលអាចសាកថ្មមួយពេញចំណាយពេលត្រឹម ១៥ នាទី ទៅ កន្លះម៉ោងប៉ុណ្ណោះ។
រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងជំរុញការប្រើប្រាស់រថយន្តប្រើប្រាស់អគ្គិសនី និងដោយមានការគាំទ្រពី UNDP លើការបំពាក់ស្ថានីយអគ្គិសនីដើម្បីសម្រួលការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបង្ហាញជំនឿយ៉ាងមុតមាំថា ការប្រើប្រាស់យានយន្ដ ម៉ូតូ និងម៉ូតូកង់បីដើរដោយថាមពលអគ្គិសនី នឹងមានការកើនឡើងច្រើននៅក្នុងពេលអនាគត នៅពេលដែលហេដ្ឋារចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីត្រូវបានដំឡើងយ៉ាងទូលំទូលាយនៅទូទាំងប្រទេស ហើយប្រជាពលរដ្ឋកម្ពុជាមានការយល់ដឹងច្រើនអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួនលើការប្រើប្រាស់យានយន្ដអគ្គិសនី។
បើតាមលោករដ្ឋមន្រ្តី ដើម្បីជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមទៀត ក្រសួងបានធ្វើការជាមួយក្រុមហ៊ុន Energy Lab និងក្រុមហ៊ុនGIZ ដើម្បីដាក់តាំងបង្ហាញយានយន្ត និងម៉ូតូអគ្គិសនីនៅចំណតយានយន្តទីស្ដីការក្រសួង និងបានបើកសម្ពោធឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកដំបូង ដែលផ្ដល់ដោយអង្គការ UNDP នៅទីស្តីការក្រសួងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មយានយន្តអគ្គិសនីលើកទី ២ ដែលផ្ដល់ដោយអង្គការ UNDP នៅក្នុងក្រុងព្រះសីហនុនៅព្រឹកនេះ៕