ស្ថាបនិក​ម៉ាក​យីហោ Zara ចាយ​លុយ​ជាង ២០០ លាន​ដុល្លារ​ ទិញ​អគារ​ការិយាល័យ​ធំ​បំផុត​នៅ​ទីក្រុង Glasgow

អន្តរជាតិ

អគារ​ការិយាល័យ​មួយ​ខ្នង​ដែល​កំពុង​សាងសង់​នៅ​ទីក្រុង Glasgow ប្រទេស​ស្កុតឡែន ត្រូវបាន​ទិញ​ដោយ​មហាសេដ្ឋី​អេស្ប៉ាញ Amancio Ortega ខណៈ​ស្ថាបនិក​ម៉ាក​យីហោ​សម្លៀកបំពាក់​ Zara បាន​ចំណាយ​លុយ​ប្រមាណ ២០០ លាន​ផោន ឬ​ជាង ២៥០ លាន​ដុល្លារ​អាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោង​តាម​ការ​ចុះ​ផ្សាយ​ពី GlasgowLive បាន​ឲ្យ​ដឹង​ថា អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​អេស្ប៉ាញ​ខាងលើ​បាន​ចាប់​អារម្មណ៍ និង​បាន​ទិញ​គម្រោង​សាងសង់​គម្រោង​អចលនទ្រព្យ​ខ្នាតយក្ស​មួយ​នេះ​តាម​រយៈ​ភ្នាក់ងារ​អចលនទ្រព្យ Pontegadea Oretga។

ដោយឡែក គម្រោង​អចលនទ្រព្យ​តម្លៃ​ជាង ២៥០ លាន​ដុល្លារ​ខាងលើ កំពុង​សាងសង់​នៅ​ផ្លូវ Bothwell Street លើ​ផ្ទៃដី​ទំហំ ២ ៧៨៧ ម៉ែត្រការ៉េ ហើយ​នៅ​ពេល​បញ្ចប់​ការ​សាងសង់ វា​នឹង​ក្លាយ ជា​អគារ​ការិយាល័យ​ធំ​បំផុត​ប្រចាំ​ទីក្រុង Glasgow។

ដ្បិត​បច្ចុប្បន្ន​អគារ​មួយ​ខ្នង​នេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​សាងសង់​នៅឡើយ​ ក៏​ប៉ុន្តែ​មាន​ក្រុមហ៊ុន​ជាច្រើន​បាន​ចុះ​កុងត្រា​ជួល​កន្លែង​បើក​អាជីវកម្ម​ពួកគេ​រួចស្រេច​ដែល​មាន​ដូចជា Transport Scotland, BNP Paribas, Virgin Money, Aecom និង​ក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ទៀត។

បញ្ជាក់​ដែរ​ថា សព្វថ្ងៃ​ស្ថាបនិក Zara មាន​ទ្រព្យសម្បត្តិ​ប្រមាណ​ ៥៥ ពាន់​លាន​ដុល្លារ​អាមេរិក ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​អេស្ប៉ាញ និង​ជា​អ្នកមាន​បំផុត​ទី ៣ នៃ​តំបន់​អឺរ៉ុប៕

ប្រភព: dailyrecord