ផលប៉ះ​ពាល់ដែលបណ្តាល​មកពីគេង​មិន​​ស្កប់​ស្កល់

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ជាទូទៅគេឱ្យយើងគេងឱ្យបាន៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ បើមិនអ៊ីចឹង​ទេហោច​ណាស់ក៏គេងឱ្យបាន៦ម៉ោងដែរក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រសិនបើគេងលក់តិចជាង៦ម៉ោងក្នុងមួយថ្ងៃ យើងនឹងកើតជំងឺផ្សេងៗដូចជា ខូចចិត្តឬតប់ប្រម៉ល់ មហារីក ទឹកនោមផ្អែម គាំងបេះដូង ស្លាប់មួយចំហៀនខ្លួន ឡើងទម្ងន់ ធ្វើឱ្យយើងស៊ីសឺៗ ខួរក្បាលដើរមិនល្អឬស្ទក់ៗ និងគ្មានថាមពល​ក្នុងការបំពេញការងារ។ ម្យ៉ាងវាធ្វើឱ្យប៉ះពាល់ដល់អរម៉ូនទាំងបុរសទាំងស្រ្តី។ ពិសេសធ្វើឱ្យស្រ្តីមកថ្ងៃខែអត់ទៀងទាត់ ឬអត់មកថ្ងៃខែ (អត់មករដូវ) តែម្ដង។

បើអត់មកថ្ងៃខែ នឹងបង្កឱ្យស្រ្តីមានជំងឺពាក់ព័ន្ធនឹងអូវុល និងមានជំងឺតឹងតែងផ្លូវ​ចិត្ត​ឬផ្លូវអារម្មណ៍។ មិនតែប៉ុណ្ណោះ បើយើងគេងអត់លក់ស្កប់ស្កល់ទេ នោះយើង​មិន​អាចហាត់ប្រាណប្រចាំថ្ងៃបានទេ ព្រោះយើងអស់កម្លាំង។ ផ្ទុយទៅវិញ បើសិនយើង​គេងលក់បានស្កប់ស្កល់ នោះសុខភាពយើងនឹងល្អប្រសើរ កាត់បន្ថយជំងឺ ហើយ​ញ៉ាំតិចជាងធម្មតា។

Sad girl

សូមជម្រាបជូនថា មានកត្តាច្រើនយ៉ាងដែលអាចជួយយើងឱ្យគេងលក់ស្កប់ស្កល់គឺ
១. ពេលនៅក្នុងការិយាល័យធ្វើការពេលថ្ងៃ យើងត្រូវបើកភ្លើងឱ្យភ្លឺ ឬបើកបង្អួច​ឱ្យមានពន្លឺជះចូល ដើម្បីកុំឱ្យងងុយគេងពេលថ្ងៃ ព្រោះវាអាចធ្វើឱ្យប៉ះ​ពាល់ដំណេក​ពេល​យប់របស់យើង។

២. ក្នុងមួយថ្ងៃហោចណាស់ត្រូវឱ្យត្រូវពន្លឺថ្ងៃ២ទៅ៣ម៉ោង ប៉ុន្តែបើធ្វើការក្នុង​ការិយា​ល័យ​គ្មានពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរតែបើកអំពូលភ្លើងឱ្យភ្លឺ ព្រោះអី​បើយើង​បើកភ្លើងអំពូលកាន់តែភ្លឺណាស់ នោះពេលយប់យើង​នឹងគេងកាន់តែលក់ស្កប់​ស្កល់​ណាស់ដែរ។ សូមចាំថា បើយើងត្រូវពន្លឺថ្ងៃបានពីរម៉ោងក្នុងមួយថ្ងៃ នោះយើងនឹងគេង​លក់បានស្កប់ស្កល់លើសពីពីរម៉ោង។

៣. ពេលយប់ត្រូវបន្ថយភ្លើងពណ៌ខៀវ។ ភ្លើងពណ៌ខៀវមានដូចជា ទូរសព្ទ ទូរទស្សន៍ លេបថប និងកុំព្យូទ័រជាដើម។ ភ្លើងឧបករណ៍ទាំងហ្នឹង បើកាន់តែជះពន្លឺខ្លាំងណាស់ វារឹតតែធ្វើឱ្យយើងគេងអត់ លក់ខ្លាំងណាស់។ មែនទែនទៅ លេបថប និងទូរទស្សន៍ជា​ដើមនោះ គេឱ្យយើងបិទមុនពេលចូលគេង២ម៉ោង ព្រោះវាធ្វើឱ្យប៉ះទង្គិច​ដល់កោសិកា​ខួរក្បាលរបស់យើង និងអរម៉ូនរបស់យើងមួយប្រភេទគេហៅថា អរម៉ូន Melatonin។

៤. ពេលល្ងាចត្រូវកាត់បន្ថយការញ៉ាំជាតិ Caffeine ដែលមាននៅក្នុងតែ និងកាហ្វេ។ ជាតិ Caffeine វាដំណើរការនៅក្នុងឈាមយើងរយៈពេល៦ទៅ៨ម៉ោង។ ហេតុ​នេះបើយើងញ៉ាំវាពេលល្ងាច ពេញមួយយប់ហ្នឹងយើងគេងអត់លក់ទេ។ អ៊ីចឹងចំពោះ​កាហ្វេ និងតែ បើសិនម៉ោង៣ឬ៤រសៀលហើយ យើងគួរតែឈប់ញ៉ាំវាទៅ។ ដ្បិតថា​ជាតិ Caffeine ហ្នឹងញ៉ាំពេលល្ងាចធ្វើឱ្យប៉ះពាល់ដំណេក តែបើយើងញ៉ាំត្រូវកាល នោះវានឹងជួយឱ្យយើងហាត់ប្រាណបានល្អ ខួរក្បាលឈ្លាសវៃ ហើយជួយឱ្យយើង​ផ្ចង់បានល្អថែមទៀតផង។

៥. ត្រូវតែចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់និងទាន់ពេលវេលា។ ចៀសវាងថ្ងៃ​ហ្នឹង​គេងម៉ោងនេះ ថ្ងៃស្អែកគេងម៉ោងនោះ ថ្ងៃនេះក្រោកពីគេងម៉ោងនេះ ថ្ងៃស្អែក​ក្រោកពីគេងម៉ោងនោះ។ យើងគួរចងចាំដែរថា ប្រសិនបើចូលគេង និងក្រោក​ពីគេងអត់បានទៀងទាត់ទេ នោះការគេងរបស់យើងក៏អត់បានស្កប់ស្កល់ដែរ។

Exhausted young businessman yawning at work in office

៦. កុំទម្លាប់គេងពេលថ្ងៃ ព្រោះវាក៏ធ្វើឱ្យដំណេកពេលយប់​របស់យើងមិនស្កប់ស្កល់​ដែរ។ ពលរដ្ឋស្រុកយើងចូលចិត្តតែគេងពេលថ្ងៃ១ទៅ២ម៉ោង ដែលទម្លាប់នេះ​បណ្ដុះ​ឱ្យយើងខ្ជិល ខ្សោយកម្លាំង ហើយខួរក្បាលដំណើរការមិនល្អ។ ពលរដ្ឋគេគេ​មិនដែលគេង​ថ្ងៃ​ដូចស្រុកយើងទេ គឺគេគ្រាន់តែសម្រាក​១០ទៅ១៥នា​ទីតែប៉ុណ្ណោះ។ ការសម្រាកពេលថ្ងៃ១៥នាទី វាធ្វើឱ្យខួរក្បាលយើងស្រឡះ និងឈ្លាសវៃ។

៧. ត្រូវហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជាប្រចាំ វាធ្វើឱ្យរាងកាយ​យើងមាំទាំ និងគេងពេលយប់បានស្កប់ស្កល់។ តាមការកត់សម្គាល់ អ្នកដែលអត់​ហាត់ប្រាណ ពួកគេច្រើនតែមានបញ្ហាផ្លូវចិត្ត បញ្ហាសុខភាព និងមានបញ្ហា​គេងជាដើម។ ដូច្នេះការហាត់ប្រាណមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនត្រូវ​ហាត់ប្រាណពេលល្ងាចទេ ព្រោះវាក៏ធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់យើងផងដែរ។

៨. ត្រូវញ៉ាំថ្នាំ​ជំនួយដែលមានជាតិ Melatonin។ ដ្បិតថាវាជាប្រភេទថ្នាំងងុយ​គេងក៏ពិត​មែន ប៉ុន្តែវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬញៀននោះឡើយ។

៩. ត្រូវយកផ្កា lavender មកឆុង ឬដាំទឹកញ៉ាំ ព្រោះវាជួយឱ្យយើងគេងឆាប់លក់។

១០. មិនត្រូវញ៉ាំជាតិអាល់កុលទេ។ អ្នកខ្លះថាញ៉ាំជាតិអាល់កុលធ្វើឱ្យគេងលក់ស្រួល។ ដ្បិតថាពេលស្រវឹងធ្វើឱ្យគេលក់ស្រួលក៏ពិតមែន ប៉ុន្តែថ្ងៃក្រោយធ្វើឱ្យប៉ះ​ទង្គិចដល់​ការគេងខ្លាំងណាស់។ វាធ្វើឱ្យយើងគេងអត់ស្កប់ស្កល់ ហើយអន្ទះអន្ទេង។ ម្យ៉ាងការ​ញ៉ាំជាតិអាល់កុល វាធ្វើឱ្យយើងឡើងគីឡូ។ កាលណាឡើងគីឡូ វានឹងដុះសាច់បំពង់ក ដែលធ្វើឱ្យពេលយើងគេងលក់ស្ទះខ្យល់បំពង់ក។ បើសិនជាស្ទះខ្យល់បំពង់ក យើងនឹងភ្ញាក់ពីដំណេកមិនខានទេ។

១១. កន្លែងគេងមិនត្រូវមានពន្លឺខ្លាំងពេក និងឮសំឡេងខ្លាំងពេក ហើយក៏មិនត្រូវ​មានសីតុណ្ហភាពក្ដៅពេក និងត្រជាក់ពេកផងដែរ។ សីតុណ្ហភាពក្នុងបន្ទប់គេង ត្រឹមតែ២០អង្សាសេ គឺល្អប្រសើរបំផុតចំពោះសុខភាព និងដំណេករបស់យើង។

១២. ត្រូវធ្វើសមាធិ។ ការធ្វើសមាធិ វាធ្វើឱ្យអារម្មណ៍យើងមូល ហើយធ្វើឱ្យយើង​គេងលក់បានស្កប់ស្កល់។

១៣. មុនពេលចូលគេងមិនត្រូវញ៉ាំទឹកច្រើនពេកទេ ព្រោះយប់ឡើងវាធ្វើឱ្យយើង​ក្រោកបត់ជើងតូចញឹកញាប់។ កាលណាយើងក្រោកបត់ជើងតូចញឹកញាប់ នោះដំណេករបស់យើងមិនអាចស្កប់ស្កល់ ឬគ្រាប់គ្រាន់បានឡើយ។

ប៉ុន្តែសូមចាំថា ប្រសិនបើអ្នកអនុវត្តនូវចំណុចទាំងអម្បាលម៉ាន​ហ្នឹងហើយនៅតែ​គេងមិន​លក់ស្កប់ស្កល់ទៀត អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បី​គ្រូពេទ្យតាមដានអាការរោគ និងព្យាបាលឱ្យបានត្រឹមត្រូវ៕

#MJQUP