ឧកញ៉ា តែ តាំងប៉ កៀរគរអ្នកវិនិយោគទុនជប៉ុនមកកែច្នៃផលិតផលកសិកម្មនៅកម្ពុជាឱ្យកាន់តែច្រើន

ជុំវិញ​ឧកញ៉ា

ក្នុងពិធីរៀបចំកម្មវិធីផ្តូរផ្គងអាជីវកម្ម ជប៉ុន-កម្ពុជា និងកម្មវិធីចុះអនុស្សារណៈយោគយល់គ្នា ជាមួយនឹងសមាគមជប៉ុន-កម្ពុជា (JCA) នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគទុនជប៉ុន មកធ្វើការកែច្នៃផលិតផលកសិកម្មនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា តែ តាំងប៉ បានលើកឡើងយ៉ាងដូច្នេះថា៖ “កម្ពុជាមានឱកាសច្រើនដល់អ្នកវិនិយោគ ព្រោះប្រទេសកម្ពុជាមានវិស័យកសិកម្មល្អ បើសិនអ្នកវិនិយោគទុនជប៉ុន មកធ្វើការកែច្នៃផលិតផលកសិកម្ម ដែលមាននៅកម្ពុជា មានទាំងប៉ុន្មាន ឱ្យទៅជាចំណីអាហារ គ្រាន់តែយើងផ្គត់ផ្គង់នៅក្នុងស្រុកខ្មែរ មួយឆ្នាំប្រមាណ៤ពាន់លានដុល្លារ នោះយើងមិនដឹងយកលុយទៅណាអស់នោះទេ”។

លោក ហាតាកាស៊ី ហ្វូមីគី ប្រធានសមាគមន៍កម្ពុជាជប៉ុន JCA បានថ្លែងថា៖ “ដំណើរទស្សនកិច្ចកម្ពុជារបស់គណៈប្រតិភូក្រុមហ៊ុនជប៉ុនលើកនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា និងកសាងបណ្ដាញអ្នកវិនិយោគនៅកម្ពុជា”។

បន្ថែមពីលើនេះ ឧកញ៉ា តែ តាំងប៉ បានលើកទឹកចិត្តដល់អ្នកវិនិយោគជប៉ុនថា៖ “បើអ្នកវិនិយោគជប៉ុនចង់វិនិយោគនៅទូទាំងកម្ពុជា ២៥ខេត្ត-រាជធានី លោកអាចជួយបាន ដោយសម្រួលបង្កើតតំបន់ឧស្សាហ៍កម្ម មានដីទំហំ ៣០ហិកតា ដោយរាជរដ្ឋាភិបាលបានលើកទឹកចិត្តអ្នកនៅក្នុងតំបន់។ អ្នកវិនិយោជប៉ុនចង់វិនិយោគ នៅខេត្តណា FASMEC នឹងជួយរៀបចំឯកសារ សម្របសម្រួលផ្លូវច្បាប់ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគជប៉ុន បង្កើតក្នុងតំបន់ធ្វើការលក់នៅក្នុងស្រុក ហើយនាំចេញក៏ស្រួលដែរ”។

សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) តែងតែធ្វើកិច្ចការងារជាច្រើន ពាក់ព័ន្ធនឹងការជំរុញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេស និងត្រូវការដៃគូវិនិយោគនានា ដើម្បីជួយអោយសហគ្រាសរបស់ខ្លួនកាន់តែរីកចម្រើន។ បន្ថែមពីនេះ FASMEC ក៏បានខិតខំព្យាយាមទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការជាច្រើនជាមួយបណ្តាប្រទេសអាស៊ីមួយចំនួន មានដូចជា ប្រទេសជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ជាដើម ដើម្បីបង្កើតឱ្យមានកម្មវិធីជំនួបពាណិជ្ជកម្មបែបនេះឡើងជាបន្តបន្ទាប់ផងដែរ។