ឧកញ៉ា ហ៊ួត ជា ប្រធានសមាគមជាងសំណង់កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ហ៊ួត ជា នាថ្ងៃទី២៦ ខេមេសា ឆ្នាំ២០២២ នេះ បានផ្ញើសារអបអរសាទរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ក្នុងឱកាសដែល អ្នកឧកញ៉ា ទើបតែត្រូវបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជ្រើសតាំង សម្រាប់អាណត្តិទី៣ បន្តទៀត។
ក្នុងនាម ប្រធានសមាគមជាងសំណង់កម្ពុជា ឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា លោក មានក្ដីសង្ឃឹម និងការជឿជាក់ លើអ្នកឧកញ៉ា លី ហួរ ថានឹងបន្តដឹកនាំសមាគមឱ្យសម្រេចបានជោគជ័យ និងសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជាក់ជាមិនខាន។
អ្នកឧកញ៉ា លី ហួរ ត្រូវបានសមាជិកក្នុងសមាគមបន្តបោះឆ្នោតជ្រើសតាំងជា ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សម្រាប់អាណត្តិទី៣ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីបោះឆ្នោតជ្រើសតាំងប្រធានសមាគមនោះដែរ អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា យើងឃើញថាក្នុងចំណោមវិស័យនានានៃប្រទេសកម្ពុជា វិស័យសំណង់បានរីកដុះដាលគួរឱ្យកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ ដែរមានដូចជាអគារទំនើបៗ បុរីលំនៅឋាន ផ្ទះល្វែង មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើប និង សំណង់ដែលមានលក្ខណៈទំនើបៗជាច្រើន។ លោកថា ការស្ថាបនាទាំងនេះធ្វើឡើងដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាដោយការមើលឃើញពីកំនើនប្រជាជន ក៏ដូចជាកំនើននៃជីវិភាពក្នុងការរស់នៅរបស់ពួកគេផងដែរ។
អ្នកឧកញ៉ា ក៏បានគូសបញ្ជាក់ថា៖ “ដោយសារតែមានកត្តាជំរុញទាំងនេះ ទើបធ្វើអោយមានការលេចចេញមកនូវ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជានេះឡើង ដើម្បីចូលរួមជាចំណែកក្នុងការអភិវឌ្ឍវិស័យសំណង់ក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងជាងនេះទៀត”៕