អភិបាលស្រុកទើបបង្កើតថ្មី បង្ហើបកន្លែងភ្ញៀវទេសចរដែលទៅដល់ស្ទឹងត្រែងមិនសូវរំលង

កម្សាន្ត

ស្តូបអនុស្សាវរីយ៍បុរីអូរស្វាយ បានក្លាយជាទីទាក់ទាញគួរឱ្យកត់សម្គាល់សម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទីស្តូបប្រវត្តិសាស្ត្រនេះមានអាយុកាលជិត៦០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ។ នេះបើតាមលោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ។

លោក លី មីនា បន្តថា ដោយសារស្ដូបអនុស្សាវរីយ៍នេះជាទីតាំងប្រវត្តិសាស្ត្រ ទើបមានភ្ញៀវទេសចរជាតិ-អន្តរជាតិតែងចាប់អារម្មណ៍មកកម្សាន្ត ថតរូប សិក្សាពីប្រវត្តិនៃការកសាង ឯអ្នកខ្លះក៏មកបន់ស្រន់ ព្រោះមានរានព្រះភូមិនៅជិតដើមពោធិ៍ដ៏ធំមួយដើមនៅក្បែរនោះដែរ ពិសេសគឺពេលភ្ញៀវទេសចរឆ្លងកាត់ទៅលេងកម្សាន្តនៅតាមកោះនានា តាមរយៈសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ។

លោកអភិបាលស្រុករូបនេះ បានបន្ថែមទៀតថា ស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៦៣ដល់ឆ្នាំ១៩៦៧ ក្រោមស្នាព្រះហស្ដព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបំណងការពារបូរណភាពទឹកដីនាភាគខាងជើងជាប់នឹងប្រទេសឡាវ ក្នុងនោះមានមុខ៤បែរមុខទៅកាន់ទិសធំៗទាំង៤ រំលេចនូវព្រះឆាយាលក្ខណ៍ក្នុងវេលាដែលព្រះអង្គឡើងគ្រងព្រះបរមសិរីរាជសម្បត្តិលើកទី១ ព្រះរាជសកម្មភាពនៃការបំពេញព្រះរាជបូជនីយកិច្ចកសាងហេដ្ឋារចនាសម្ពន្ធនៅបុរីអូរស្វាយនេះស្រាប់ ព្រះរាជសកម្មភាពកីឡាជាដើម។

លោកអភិបាលស្រុកទើបបង្កើតថ្មីមួយនេះបានបន្តទៀតថា ក្នុងពេលនោះ ព្រះបរមរតនកោដ្ឋមានគោលនយោបាយបែងចែកដីធ្លីជូនប្រជាជនដែលស្ម័គ្រចិត្តមករស់នៅលើតំបន់នោះ និងបានបង្កើតជាតំបន់និគមជន ឬទីប្រជុំជនធំមួយហៅថា «បុរីអូរស្វាយ» នេះឯង ក្នុងនោះព្រះអង្គបានរៀបចំកសាងប្រព័ន្ធហេដ្ឋរចនាសម្ពន្ធ ពិសេសគឺបានបង្កើតជា «សួនច្បារ» និងស្ដូបអនុស្សាវរីយ៍នេះផងដែរ។

ប្រជាជន និងភ្ញៀវទេសចរពិតជាមានការចាប់អារម្មណ៍ច្រើនចំពោះស្ដូបអនុស្សាវរីយ៍បុរីអូរស្វាយនេះ។ លោកអភិបាលស្រុកបញ្ជាក់បន្ថែម។

សូមជម្រាបថា ស្រុកបុរីអូរស្វាយសែន ជាស្រុកទើបបង្កើតថ្មីនៅឆ្នាំ២០២២ ដោយបំបែកចេញពីស្រុកថាឡាបរិវ៉ាត់ (ធារាបវ៌្វត) នៃខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសឡាវ (ខេត្តចម្ប៉ាស័ក) ប្រមាណជិត១០០គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ១០៩ដល់លេខ១៣៧ ពោលគឺចាប់ពីស្រុកឆែប ខេត្តព្រះវិហារ រហូតដល់ស្រុកសៀមប៉ាង ខេត្តរតនគិរី៕