គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព របស់ធនាគារ ADB គ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ដែលនឹងត្រូវអនុវត្តន៍នៅក្នុងខេត្តសំខាន់ៗចំនួន៤ខេត្ត។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងលោក វ៉ៅ សុខា អភិបាលរងខេត្តកែប ជាមួយតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Saunders Lindsay ប្រធានក្រុមគម្រោងជលផលឆ្នេរសមុទ្រ និងនិរន្តរភាពកម្ពុជា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។
ទាក់ទិននឹងគម្រោងខាងលើនេះ លោក វ៉ៅ សុខា អភិបាលរងខេត្តកែប បានបញ្ជាក់ដែរថា ក្នុងនាមអាជ្ញាធរខេត្តកែប នឹងគម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព រដ្ឋបាលខេត្តបានគាំទ្រការអភិវឌ្ឍន៍ចំណតទូកចំនួន២ទីតាំង គឺស្ថិតនៅក្រុងកែប និងស្រុកដំណាក់ចង្អើរសម្រាប់សម្រួលដល់ការចតទូក របស់ប្រជានេសាទ និងភ្ញៀវទេសចរណ៍ អោយកាន់តែល្អប្រសើរឡើង។
បើតាមលោកអភិបាលរងខេត្តរូបនេះ នៅពេលគម្រោងនេះ ចេញជារូបរាងឡើង អាជ្ញាធរខេត្ត និងខិតខំកៀងគររកដៃគូរក្នុងការថែរក្សាសំណង់ដែលបានកសាងរួច និងរក្សាអនាម័យ បរិស្ថាន និងបង្កើតការផ្តត់ផ្គង់ទឹកស្អាត និងអគ្គីសនី ក្នុងតំបន់ទាំងនោះអោយបានប្រសើរបំផុត។
គួរបញ្ជាក់ដែរថា គម្រោងស្តីពី ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ដែលគ្រោងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ក្នុងនោះបានមកពី ADB Loans ៥០លានដុល្លារ, ASEAN Infrastructure Fund ១០លានដុល្លារ AFD ៣០លានដុល្លារ, Concessional Loan និង ADB Grand Funds ១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ជលផលឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព ចំនួន៤ខេត្ត គឺកោះកុង ព្រះសីហនុ កំពត និងកែប។
ចំណែកគម្រោងថ្មីស្តីពី “ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយនិរន្តរភាព (Sustainable Coastal and Marine Fisheries Project)” ត្រូវបានក្រសួងកសិកម្មធ្លាប់អះអាងថា នឹងជួយវិស័យជនផលក្នុងការ លើកកម្ពស់ការបន្សាំ និងកាត់បន្ថយដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រ និងសមុទ្រ។ កែលម្អហេដ្ឋារចនាសម្ព័ន្ធក្រោយការប្រមូលផលនេសាទដែលធន់នឹងអាកាសធាតុ។ ជំរុញការវិនិយោគលើតម្លៃជលផលប្រកបដោយសុវត្ថិភាព និរន្តរភាព និងខ្សែច្រវាក់តម្លៃ និងការផ្តល់ហិរញ្ញប្បទានសម្រាប់ការគ្រប់គ្រងការនេសាទសមុទ្រជាដើម៕ អត្ថបទ៖ រង្សី