រឿងក្ដីក្ដាំរវាងអតីតគូស្វាមីភរិយា Johnny Depp និងអ្នកនាង Amber Heard គឺបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ដែលចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៦ ក្រោយតារាសម្ដែងស្រី Amber ចោទប្រកាន់ Johnny ថា ប្រើអំពើហិង្សាមកលើអ្នកនាង និងបានលែងលះគ្នាពីពេលនោះមក។
មកទល់ពេលនេះ តុលាការនៅមិនទាន់សម្រេចជាផ្លូវការអំពីរឿងក្ដីមួយនេះនៅឡើយ ដោយភាគីទាំងសងខាងតម្រូវឲ្យមកផ្ដល់ចម្លើយនៅតុលាការជាប្រចាំសិន ដើម្បីងាយស្រួលដល់ការវិនិច្ឆ័យក្ដីមួយនេះ។
យ៉ាងណា ក្រឡេកទៅមើលកាលពីឆ្នាំ ២០១៦ ក្រោយបែកបាក់ជាមួយអតីតប្ដីជាតារាសម្ដែងដូចគ្នា Amber ក៏បានសាងប្រវត្តិស្នេហ៍ថ្មីជាមួយមហាសេដ្ឋី Elon Musk ផងដែរ តែចំណងស្នេហ៍មួយនោះមិនរឹងមាំឡើយ ពោលគឺសេពគប់គ្នាបានតែប៉ុន្មានខែក៏ចែកផ្លូវគ្នាវិញនៅខែសីហា ២០១៧។
ទាក់ទងនឹងរឿងមួយនេះ មហាសេដ្ឋីមានបំផុតលើលោកបានបង្ហើបឲ្យដឹងកាលពីឆ្នាំ ២០១៧ថា ភាគីដែលចង់បញ្ចប់ទំនាក់ទំនងមួយនោះគឺ អ្នកនាង Amber Heard ហើយការបែកគ្នាសារនោះ មានការប៉ះទង្គិចដល់ផ្លូវអារម្មណ៍របស់លោកជាខ្លាំង។
“នាង (Amber) គឺចង់បែកគ្នាជាមួយខ្ញុំ ច្រើនជាងខ្ញុំចង់បែកគ្នាជាមួយនាង ព្រោះខ្ញុំកាលនោះពិតជាលង់ស្រលាញ់នាងខ្លាំងណាស់ ហើយវាពិតជាឈឺចាប់។ ខ្ញុំមានបញ្ហាស្មារតីអស់ជាច្រើនសប្ដាហ៍ និងទម្រាំអាចធ្វើខ្លួនឲ្យបានធម្មតាវិញ គឺពិតជាមិនស្រួលឡើយ”។
បញ្ជាក់ដែរថា ក្រោយពីចែកផ្លូវគ្នាជាមួយ Amber មេធំ Tesla ក៏បានសាងស្នេហ៍ថ្មី ជាមួយតារាចម្រៀងស្រី Grimes និងបានបង្កើតកូន ២ នាក់ តែអ្នកទាំង ២ បានចែកផ្លូវគ្នាកាលពីប៉ុន្មានខែមុន និងបន្តរាប់អានគ្នាជាមិត្តភក្ដិវិញ៕
ប្រភព: OK