និស្សិត​ឆ្នើម ៥ នាក់​ នឹង​មាន​ឱកាស​ទៅ​ចុះកម្មសិក្សា​នៅ​កំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងពេល​ដឹកនាំក្រុម​និស្សិតនៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនប្រមាណ ៣០០ នាក់ ធ្វើទស្សនកិច្ច​នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្រសួងនឹងជ្រើសរើសនិស្សិតឆ្នើមចំនួន ៥ នាក់ មកធ្វើការរយៈពេលពីពីរទៅបីខែ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅពេលវិស្សមកាល ដើម្បីធ្វើកម្មសិក្សា ក៏ដូចជាស្វែងយល់អំពីកំពង់ផែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លើយតបទៅនឹងសំណូមពររបស់និស្សិត លោក​រដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងនឹងស្នើសុំឱ្យកំពង់ផែស្វយ័តក្រុងភ្នំពេញ និងវិស័យឯកជនពិនិត្យលទ្ធភាពយកនិស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនទៅធ្វើការសិក្សាអំពីការងារក្នុងវិស័យឯកជនក្នុងរយៈពេលវិស្សមកាលរបស់ខ្លួន ដើម្បីទទួលបានចំណេះដឹងទាក់ទងនឹងការងារវិស័យឯកជន និងឈានទៅធ្វើការសម្រេចចិត្តជ្រើសរើសវិស័យណាមួយក្នុងការចូលរួមបម្រើប្រទេសជាតិមាតុភូមិរបស់ខ្លួន។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនក្រសួង និងនិស្សិតវិទ្យាស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះដែរ លោក​រដ្ឋមន្ត្រី​ក៏​បានលើកអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែស្វ័យត​ខេត្តព្រះសីហនុ ដែលនឹង​មានការពង្រីក​ចំណត​ផែ​កុងតឺន័រថ្មីជំហានទី២ និងជំហាន​ទី៣ ដែល​នឹងមានសមត្ថភាព​ឱ្យនាវាកុងតឺន័រខ្នាតធំស្ទើរតែទាំងអស់ អាចដឹកជញ្ជូនដោយផ្ទាល់ពីកំពង់ផែក្រុងព្រះសីហនុទៅមកតំបន់អាស៊ីប៉ាស៊ីហ្វិក អឺរ៉ុប និងអាមេរិក ដោយពុំបានចាំបាច់ធ្វើការផ្ទេរ ផ្ទុកនៅតាមកំពង់ផែផ្សេងៗទៀតឡើយ ដែល​នឹង​ជួយ​​បង្កើនប្រសិទ្ធភាពនៃការប្រកួតប្រជែង កាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ៕