លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាជាមួយមេកងកម្លាំងស្វ័យការពារជប៉ុន រឹតចំណងមិត្តភាពវិស័យការពារជាតិឱ្យកាន់តែរីកចម្រើនរឹងមាំ

សង្គម​ និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះ នៃកងកម្លាំងស្វ័យការពារជប៉ុន ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជា នារសៀលថ្ងៃទី២៨ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនាមកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់នូវសន្ទុះថ្មីមួយទៀតនៃការបេ្តជ្ញាចិត្តរបស់ប្រទេសទាំងពីរកម្ពុជា-ជប៉ុន ក្នុងការជំរុញ និងលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីឱ្យកាន់តែរីកចម្រើនរឹងមាំ។

ទន្ទឹមនឹងនេះដែរ លោក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីសារៈសំខាន់នៃតួនាទីរបស់ការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយោធាជាមួយគ្រប់បណ្តាប្រទេសជាមិត្ត រួមទាំងប្រទេសជប៉ុនផ្ទាល់ នៅក្នុងការចូលរួមចំណែកដល់ការពង្រឹងទំនុកចិត្តក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងរវាងប្រទេស និងប្រទេស ក៏ដូចជាប្រជាជន និងប្រជាជន។ ក្នុងន័យនេះ កងទ័ពជើងគោកកម្ពុជា បានត្រៀមខ្លួនជានិច្ចក្នុងការបន្តពង្រឹង និងពង្រីករាល់កិច្ចសហប្រតិបត្តិការគ្រប់កម្រិត។

តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នាយឧត្តមសេនីយ៍ យ៉ាម៉ាសាគិ កូជិ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្ការវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ ដែលអាចឆ្លុះបញ្ចាំងបានអំពីចំណងមិត្តភាពដ៏រឹងមាំប្រកបដោយទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។

ក្នុងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងមួយនេះ លោក យ៉ាម៉ាសាគិ ក៏នឹងបន្តគាំទ្រជំរុញទំនាក់ទំនងរវាងកងទ័ពទាំងពីរឱ្យកាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត ជាពិសេសការចូលរួមចំណែកជួយដល់ការពង្រឹងសមត្ថភាពរបស់កងទ័ពជើងគោកកម្ពុជា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ គឺស្របពេលដែលក្នុងឆ្នាំ២០២២នេះ កម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងម្លាំងស្វ័យការពារជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕