លោក ចូ បៃឌិន អញ្ជើញសម្ដេច ហ៊ុន សែន ទៅប្រជុំនៅវ៉ាស៊ីនតោន ដើម្បីលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

តាមរយៈលិខិតមួយទំព័របកប្រែក្រៅផ្លូវការ លោក ចូ បៃឌិន បានបញ្ជាក់ថា នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់។

លោកបន្ថែមថា ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

ក្នុងលិខិតដដែលនោះ លោក ចូ បៃឌិន បានអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។

លោកបញ្ជាក់បន្ថែមថា ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួមសម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសានេះ បានឆ្លើយតបបញ្ជាក់នៃការចូលរួមប្រជុំជាមួយ លោក ចូ បៃឌិន នៅរដ្ឋធានីវ៉ាស៊ីនតោន។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។

បើតាមសម្តេចតេជោ កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព