លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចសហគមន៍ គឺជាកូនសោរក្នុងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ការលើកឡើងបែបនេះបានធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រីជាមួយលោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់អង់គ្លេស ដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងការអនុវត្តគម្រោងក្រោមមូលនិធិ BLF នេះនៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាទីស្ដីការក្រសួងបរិស្ថាន។
លោក សាយ សំអាល់ បានពន្យល់ថា សម្រាប់កម្ពុជា អាទិភាពអភិវឌ្ឍន៍ រួមមានការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍដោយចីរភាព ការពង្រឹងអភិបាលកិច្ច និងការពង្រីកច្រកពាណិជ្ជកម្ម ហើយកម្ពុជាស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេស ជាពិសេសការនាំចេញផលិតផលសហគមន៍មូលដ្ឋាន ដូចជា អង្ករ (blueberry rice) ស្វាយចន្ទី និងចេក ការលក់ឥណទានកាបូន និងការវិនិយោគលើប្រព័ន្ធធនាគារនិងហិរញ្ញវត្ថុ និងការអភិវឌ្ឍទេសចរណ៍។ ល្គឹកណាប្រជាសហគមន៍មូលដ្ឋាននៅតែប្រឈមនឹងភាពក្រីក្រ យើងមិនអាចនិយាយអំពីកិច្ចការអភិរក្សបានឡើយ។
ជាមួយគ្នានេះ លោកស្រី Timsin Ballard ប្រធានប្រតិភូនៃមូលនិធិ Biodiversity Landscape Fund (BLF) របស់អង់គ្លេស បានបញ្ជាក់ថា អាទិភាពអភិវឌ្ឍន៍ទាំងនេះឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងគោលដៅ និងគោលបំណងរបស់មូលនិធិ BLF ហើយលោកស្រីនឹងជំរុញឱ្យមានការចុះអនុស្សរណៈនៃការយោគយល់រវាងចក្រភពអង់គ្លេស និងកម្ពុជា ដោយមានក្រសួងបរិស្ថានជាស្ថាប័នបង្គោល ក្នុងការអនុវត្តគម្រោងក្រោមមូលនិធិនេះ។
លោកស្រី បន្តថា មូលនិធិ BLF ផ្ដោតអាទិភាពលើការងារចំនួន ៣ គឺ ការកាត់បន្ថយភាពក្រីក្រ ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ៕