ក្រុមហ៊ុនCP បានបញ្ជាទិញផលិតផលពីកសិករខ្មែរប្រមាណចំនួន៤សែនតោនក្នុងមួយឆ្នាំៗ សម្រាប់យកទៅកែច្នៃជាផលិតផលរបស់ក្រុមហ៊ុន។ នេះបើតាមការបញ្ជាក់របស់លោក Preeda Chunwong អគ្គនាយករងក្រុមហ៊ុនCP នៅកម្ពុជា ក្នុងជំនួបសម្តែងការគួរសមជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
លោកអគ្គនាយករងក្រុមហ៊ុន បន្តថា ក្រុមហ៊ុនCP មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន ២៦ឆ្នាំមកហើយ ដំណើរការដ៏ជោគជ័យនេះ ក៏ដោយសារបានទទួលការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទើបក្រុមហ៊ុនមានដំណើរការអាជីវកម្មរីកចម្រើនមកទល់បច្ចុប្បន្ននេះ។ ដើម្បីជាការតបស្នង ក្រុមហ៊ុននឹងធ្វើការបណ្តាក់ទុនបន្ថែមទៀតនៅ កម្ពុជា ដើម្បីចូលរួមចំណែកជួយដល់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឲ្យមានការរីកចម្រើនដូចគ្នាទៅនឹងក្រុមហ៊ុនដែរ។
ជាការឆ្លើយតប លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលខាងក្រុមហ៊ុនបានបញ្ជាទិញកសិផល ពីប្រជាកសិករខ្មែរ ទាំងនេះចាត់ទុកជាទីផ្សារមួយដ៏សំខាន់ ជួយដោះស្រាយជីវភាពរបស់ពួកគាត់បានប្រសើរមួយកម្រិត។
លោករដ្ឋមន្ត្រី ចាត់ទុក ការវិនិយោគរបស់ក្រុមហ៊ុន CP នៅកម្ពុជា ពិតជាបានចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ច បង្កើតមុខរបរថ្មី ឱកាសការងារ ជូនដល់ពលរដ្ឋកម្ពុជា និងលើកទឹកចិត្តដល់ក្រុមហ៊ុនគួរបង្កើនភាពជាដៃគូដោយធ្វើការបញ្ជាទិញកសិផលពីកសិករខ្មែរឲ្យបានកាន់តែច្រើនបន្ថែមទៀត ព្រោះវាមានន័យណាស់សម្រាប់សេដ្ឋកិច្ច ៕