ប្រធានាធិបតី​ចូ បៃដិន​ស្នើ​ព្រឹទ្ធសភា​បញ្ចេញ​ថវិកា​ជំនួយ ៣៣ ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចូ បៃដិន​បាន​ស្នើ​ទៅ​កាន់​ព្រឹទ្ធសភា​សម្រាប់​ការ​បញ្ចេញ​កញ្ចប់​ជំនួយ​ដល់​ប្រទេស​អ៊ុយក្រែន ប្រមាណ ៣៣ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​ការ​វាយ​ប្រហារ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រាប់​ទៅ​កាន់​សារព័ត៌មាន​នៅ​សេតវិមាន​កាលពី​ថ្ងៃព្រហស្បតិ៍ ប្រធានាធិបតី​រូប​នេះ​និយាយ​ថា ជំនួយ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន គឺ​ជា​តម្លៃ​ស្ដួចស្ដើង​ណាស់ ក្នុង​ការ​ផ្ដួលរំលំ​រុស្ស៊ី និង​បញ្ចៀស​សង្គ្រាម​នៅ​ថ្ងៃ​អនាគត។

“​សង្គ្រាម​មួយ​នេះ​ពិតជា​ខ្ជះខ្ជាយ​ថវិកា​ខ្លាំងណាស់ តែ​បើសិន​ជា​យើង​មិន​ចំណាយ​ពេលនេះ វា​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេលក្រោយ។ ពួកយើង​មាន​ជម្រើស​តែ ២ ប៉ុណ្ណោះ គាំទ្រ​ប្រជាជន​អ៊ុយក្រែន​ក្នុង​ការ​ការពារ​ទឹកដី​ពួកគេ ឬ​គាំទ្រ​រុស្ស៊ី​ឲ្យ​បន្ត​នៅ​អំពើ​ឃោ.រឃៅ និង​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន”។

បើ​ទោះ​ជា​បៃដិន មិនបាន​បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​ក្នុង​ការ​ស្នើសុំ​នោះ ប៉ុន្តែ​មន្ត្រីរដ្ឋបាលជាន់ខ្ពស់​មួយ​រូប​បាន​បង្ហើប​ថា សេតវិមាន​បាន​ស្នើ​សុំ​ថវិកា ៣៣ ពាន់​លាន​ដុល្លារ​ក្នុង​ការ​ជួយ​ដល់​អ៊ុយក្រែន។

បញ្ជាក់​ដែរ​ថា កាលពី​ខែមុន ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​បញ្ចេញ​កញ្ចប់​ជំនួយ ១៣,៦ ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីក្រុង Kyiv ប៉ុន្តែ​រដ្ឋបាល​បៃដិន​បាន​និយាយ​ថា ពួកគេ​បាន​ប្រើប្រាស់​ថវិកា​អស់ច្រើន​មកហើយ ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ ពួកគេ​បាន​ជួយ​ជា​កញ្ចប់​ជំនួយ​យោធា និង​រដ្ឋបាល​ទៅកាន់​ប្រទេស​អ៊ុយក្រែន​ជំនួស​វិញ៕

ប្រភព: aljazeera