ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភ ថវិកា១លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ដោយចែកក្នុងមួយឆ្នាំចំនួន២០ម៉ឺនដុល្លារដើម្បីរួមចំណែកជាមួយ TYDA ក្នុងសកម្មភាពមនុស្សធម៌ ជាពិសេស គឺសម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រទូទាំងព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមហ៊ុនជីប ម៉ុង បានធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និងអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ TYDA ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ជាច្រើនរូបទៀត ចូលរួមជាសាក្សីក្នុងពិធីនេះផងដែរ។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA បានមានប្រសាសន៍ថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុន ជីប ម៉ុង បានជួយឧបត្ថម្ភគាំទ្រដល់ TYDA ហើយគ្រប់សកម្មភាពដែលយើងបានធ្វើជាមួយគ្នា តែងតែទទួលបានជោគជ័យ ប្រកបដោយមោទនភាព ហើយបានផ្តល់ផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ និងសង្គម។
លោក ហ៊ុន ម៉ាណែត សង្ឃឹមថាក្រុមហ៊ុន ជីប ម៉ុង នឹងបន្តភាពរីកចម្រើន និងពង្រីកខ្លួនទៅក្រៅប្រទេស ទាំងក្នុងតំបន់ និងពិភពលោក ព្រមទាំងបន្តជួយក្នុងកិច្ចការងារសង្គម ដើម្បីប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុន ជីប ម៉ុង មានមោទនភាពយ៉ាងក្រៃលែងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពអាវស ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនបានយល់ច្បាស់ពីតម្រូវការដ៏ចាំបាច់ផ្នែកសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ។ ក្រុមហ៊ុនជឿជាក់ថា ការរួមចំណែកនេះអាចជួយលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាជួយអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
អ្នកឧកញ៉ា បានបន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង មិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញជាមួយនឹងវិស័យជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនានាផងដែរ។
កាលពីឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកាលើសពី១០លានដុល្លារអាមេរិកទៅក្នុងកិច្ចការងារសង្គម ដោយក្នុងនោះ វិស័យចម្បងៗដែលក្រុមហ៊ុនផ្ដោតសំខាន់រួមមាន វិស័យអប់រំ សុខាភិបាល ទេសចរណ៍ បរិស្ថាន និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀត៕