ទោះរងទណ្ឌកម្មខ្លាំង តែរុស្ស៊ីរំពឹងថាទំហំពាណិជ្ជកម្មជាមួយចិន អាចកើនដល់ ២០០ ពាន់លានដុល្លារ

អន្តរជាតិ

រុស្ស៊ី បាននិយាយថា ប្រទេសខ្លួនមានក្តីរំពឹងខ្ពស់ ថាលំហូរទំនិញជាមួយប្រទេសចិន នឹងកើនឡើង ហើយពាណិជ្ជកម្មជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង នឹងឈានដល់ ២០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ខណ:រដ្ឋាភិបាលរបស់ទីក្រុងម៉ូស្គូ ប្រឈមនឹងការកាត់ផ្តាច់ទំនាក់ទំនងកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសលោកខាងលិច ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ប្រទេសចិន បានបដិសេធមិនធ្វើការថ្កោលទោស ចំពោះសកម្មភាពរបស់រុស្ស៊ី ដែលបានឈ្លានពានលើប្រទេសអ៊ុយក្រែននោះទេ ហើយថែមទាំងបានរិះគន់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច ទៅលើរដ្ឋាភិបាលទីក្រុងម៉ូស្គូទៀតផង ។

គួរឱ្យដឹងថា ប្រទេសចិន និងរុស្ស៊ី បានពង្រឹងទំនាក់ទំនងជាមួយគ្នា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងការប្រកាស អំពីភាពជាដៃគូ “គ្មានដែលកំណត់” កាលពីខែកុម្ភ:ផងដែរ ។

យ៉ាងណា លោក Georgiy Zinoviev ប្រធាននាយកដ្ឋានអាស៊ីដំបូង របស់ក្រសួងការបរទេសរុស្ស៊ី បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា ” យើងកំពុងតែផ្តោត លើការសម្រេចបាននូវគោលដៅ ដែលកំណត់ដោយប្រមុខរដ្ឋ ដើម្បីនាំមកនូវចំណូលពាណិជ្ជកម្មទេ្វភាគី ដល់ចំនួន ២០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤ ” ។ ” លើសពីនេះ យើងក៏រំពឹងថានឹងអាចដល់តួលេខដ៏ច្រើនបំផុតមួយនេះ លឿនជាងការគ្រោងទុក ហើយវាគឺពិតជាអាចទៅរួច ” ។

លើសពីនេះ ជាមួយនឹងពាណិជ្ជកម្មរបស់រុស្ស៊ី កំពុងរងទុក្ខដោយសារទណ្ឌកម្មជុំទិសផងនោះ លោក Zinoviev បាននិយាយថា ពេលវេលាចាំបាច់របស់ប្រទេសទាំង ២ ដើម្បីសម្របខ្លួន ខណ:លោកថែមទាំងបានបញ្ជាក់ទៀតថា ការតស៊ូរបស់ប្រទេសចិត ក្នុងការប្រឆាំងជាមួយជំងឺកូវីដ ១៩ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក៏អាចជាកត្តា ដែលអាចធ្វើឱ្យមានភាពស្មុគស្មាញ ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ផងដែរ ៕

ប្រភព: CNA