ក្រុមហ៊ុនថាមពលខ្នាតយក្ស ២ ទៀត បន្តដកខ្លួនចេញពីគម្រោងបូមហ្គាស Yetagun នៅមីយ៉ាន់ម៉ា

អន្តរជាតិ

ក្រុមហ៊ុន PTT Exploration and Production Plc (PTTEP) របស់ប្រទេសថៃ និងក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ពួកគេកំពុងត្រៀមខ្លួន ក្នុងការដកខ្លួនចេញពីគម្រោងបូមហ្គាស Yetagun នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ គឺជាការដកខ្លួនជាបន្តបន្ទាប់របស់ក្រុមថាមពលបរទេសជាច្រើន ដើម្បីចាកចេញពីប្រទេសមីយ៉ាន់ម៉ា ពោលគឺចាប់តាំងពីមានរដ្ឋប្រហារមក ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺជាការដកខ្លួនរបស់ក្រុមថាមពលខ្នាតយក្ស Chevron និងក្រុមហ៊ុនថាមពលបារាំង TotalEnergies ពីទីតាំងបូមយកឧស្ម័ន Yadana ដែលក្រុមហ៊ុន PTTEP កំពុងក្តោបក្តាប់ប្រយោជន៍ធំ ក្រោយការចាកចេញរបស់ក្រុមហ៊ុនធំៗទាំង ២ នេះ ។

គួរឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Petronas Carigali កំពុងកាន់កាប់ភាគហ៊ុនប្រហែល ៤១% នៅក្នុងគម្រោង Yetagunស្របពេល PTTEP មានភាគហ៊ុន ១៩,៣១% ។ ប៉ុន្តែអនាគតនៃវិស័យនេះ ហាក់មិនមានភាពច្បាស់លាស់នោះឡើយ ព្រោះឧស្ម័នបម្រុងទុក នៅទីនោះ បានធ្លាក់ចុះយ៉ាងខ្លាំង ។

លោក Montri Rawanchaikul នាយកប្រតិបត្តិក្រុមហ៊ុន PTTEP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ” ការដកខ្លួននេះ គឺជាផ្នែកមួយ នៃការគ្រប់គ្រងផលប័ត្ររបស់ក្រុមហ៊ុន ដើម្បីផ្តោតទៅលើគម្រោង ដែលមានការគាំទ្រដល់សន្តិសុខថាមពលសម្រាប់ប្រទេស ” ។

ដោយឡែក ក្រុមហ៊ុន Petronas ដែលបានដំណើរការគម្រោងនេះ ចាប់តាំងពីឆ្នាំ ២០០៣ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ខ្លួន ចំពោះការដកខ្លួនចេញនេះ គឺត្រូវបានអនុវត្តតាមការពិនិត្យឡើងវិញ និងជាផ្នែកមួយនៃ ” យុទ្ធសាស្រ្តសមហេតុផលទ្រព្យសកម្ម ” ដើម្បីសម្របខ្លួននៅនឹង “ការផ្លាស់ប្តូរបរិយាកាសឧស្សាហកម្ម និងការបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល” ។

គួរបញ្ជាក់ថា ម្ចាស់ភាគហ៊ុនពីរផ្សេងទៀត ដែលបានបណ្តាក់ទុននៅក្នុងគម្រោងមួយនេះ មានដូចជាក្រុមហ៊ុន Nippon Oil and Gas Exploration of Japan និងក្រុមហ៊ុនថាមពលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា Myanma Oil and Gas Enterprise ៕

ប្រភព: Bangkok Post