គម្រោង​សាងសង់រោងចក្រ​ប្រព្រឹត្តិកម្មទឹកស្អាត​បាក់ខែង ជំហាន​ទីមួយ​សម្រេច​បាន​ជាង ៦០ ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

ត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ការដ្ឋាន​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ សម្រេចបានប្រមាណជា ៦០% នៃគម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរការ​សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ បែងចែកការដ្ឋានជាបីផ្នែកធំសំខាន់ៗ៖
● ផ្នែកទី១ ការដ្ឋានសាងសាង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត (អាងទទួល, អាងកូរយឺត-លឿន, អាងរងកករ, អាងច្រោះ, អាងស្តុកទឹក, អគារដាក់វត្ថុធាតុដើម, អគារក្ល័រ, មន្ទីរពិសោធ៍ទឹក, ស្ថានីយបូមទឹកស្អាត និងអគាររដ្ឋបាល) សម្រេចបាន ៥០% ។
● ផ្នែកទី២ ការដ្ឋានស្ថានីយបូមទឹកល្អក់៖ – ការងារសាងសង់ស្ថានីយបូមទឹកល្អក់ សម្រេចបាន ៥៥% ។ – ការងារដាក់បំពង់មេនាំទឹកល្អក់ទំហំ ១៤០០ ចំនួន ២ខ្សែ សម្រេចបាន ៤៥% ។
● ផ្នែកទី៣ ការដ្ឋានដាក់បំពង់មេនាំទឹកស្អាត៖
– ការងារដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មមម ប្រវែង ៧គម សម្រេចបាន ៩០% ។
– ការងារខួងក្រោមបាតទន្លេសាបដាក់បំពង់មេនាំទឹកស្អាតទំហំ ២០០០មម សម្រេចបាន ៥០% ។

ចំណែកការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលមានសមត្ថភាពផលិត ១៩៥.០០០ម៣/ថ្ងៃ ក៏កំពុងដំណើរការអនុវត្តស្របពេលជាមួយគ្នាផងដែរ ដោយបច្ចុប្បន្នការងារសាងសង់រោងចក្រនេះ សម្រេចបានប្រមាណជា ៣៧%។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគម្រោងនេះត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

អង្គភាព​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុង​ខិតខំជម្រុញពន្លឿនការងារសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ ឱ្យបានទាន់តាមផែនការដែលបានគ្រោងទុក ដើម្បី​បញ្ចប់​ការ​ខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ ១០០​ភាគរយ​ សម្រាប់ពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល ក៏ដូចជាការសិក្សាផែនការមេរហូតដល់ឆ្នាំ២០៣០ ដើម្បីបំពេញនូវសេចក្តីត្រូវការប្រើប្រាស់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ៕