ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ក្រុមការងាររបស់លោក កំពុងធ្វើការជាមួយម្ចាស់គម្រោងបុរីនានា ប្រមាណជាង ១០០ នៅរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណា ឱ្យមានសេវាអ៊ីនធើណែតប្រើប្រាស់ពេញលេញ ក្នុងរយៈពេលប្រហែល១ឆ្នាំទៀត ដែលជាឱកាសជួយជម្រុញជីវភាពប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យឌីជីថល ២០៣០ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា៖ “យើងកំពុងខិតខំដើម្បីលុបបំបាត់ភាពផ្តាច់មុខ និងភាពអត់មានសេវាអ៊ីនធើណែតនៅតាមបុរី។ ខ្ញុំបានបង្កើតក្រុមការងារចំនួន៨ ដើម្បីធ្វើការជាមួយបុរីជាង១០០នៅភ្នំពេញ និងកំពុងធ្វើការរាល់សប្តាហ៍។ ឥឡូវបានឯកភាពគ្នាមួយចំនួន ដោយបុរីខ្លះគេអនុញ្ញាតឱ្យសាងសង់បង្គោលអង់តែន និងជីកលូអូសខ្សែអ៊ីនធើណែតចូលហើយ។ អ្នកនៅបុរី ជាអ្នកដែលប្រើប្រាស់សេវាអ៊ីនធើណែតច្រើន ព្រោះពួកគាត់ភាគច្រើនជាអ្នកធ្វើការ និងជាអ្នករកស៊ី”៕