សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គាំទ្រ​វិធានការទប់ស្កាត់នាំ​ចូលសត្វ-សាច់ជ្រូកខុសច្បាប់ របស់អាជ្ញាធរ​ខេត្តស្វាយ​រៀង

សង្គម​ និង​សេដ្ឋកិច្ច

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានបង្ហាញការសាទរ និងគាំទ្រចំពោះចំណាត់ការទប់ស្កាត់​​ការលួចនាំ​ចូលជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងរបស់អាជ្ញាធរខេត្តស្វាយរៀង។ ការបង្ហាញការសាទរនិងគាំទ្រចំណាត់របស់អាជ្ញាធរនេះ បានធ្វើឡើងក្រោយមួយថ្ងៃនៃការដាក់ចេញវិធានការស្តីពីការ​ទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ៖ “សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តស្វាយរៀងបានចេញ​សេចក្តី​ណែ​នាំស្តីពីចាត់​វិធានការទប់ស្តាត់ការលួចនាំចូលជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេស​ជិត​ខាង តាមការស្នើសុំរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា” ។

ជាមួយគ្នានេះ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏ប្រកាសសហការជាមួយស្ថាប័នពាក់ពាន់នានាដើម្បីអនុវត្តតាម​សេច​ក្តីណែ​​នាំ​​​​របស់​​អាជ្ញាធរខេត្តស្វាយរៀងផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តស្វាយរៀង បានដាក់ចេញវិធានការទប់ស្តាត់ការលួច​នាំចូល​ជ្រូករស់ សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងក្រោយ​ពីបានពិនិត្យឃើញថា មានអាជីវករ​មួយ​ចំនួនបានលួចនាំចូល តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យ បានត្រឹមត្រូវ និងមួយផ្នែក​ធ្វើឱ្យ​បាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។

ក្នុងនោះ ដើម្បីចូលរួមទប់ស្កាត់បញ្ហានេះ រដ្ឋបាលខេត្តស្វាយរៀង បានណែនាំ ស្នងការនគរបាលខេត្ត វរនគរបាល យោធា​ការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធ នៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជា​មួយ​​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេ​សាទ ក្នុងការចូល រួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។ មន្ទីរក​សិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ច ពាក់ព័ន្ធតាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជា ប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាត​ត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើសមក ផ្តន្ទាទោសតាមច្បាប់ ៕