ប្រធានាធិបតីអាមេរិក លោក Joe Biden បានស្នើសុំទៅកាន់សភា សម្រាប់ការគាំទ្របន្ថែម ដល់ការប្រយុទ្ធប្រឆាំងរបស់ប្រទេសអ៊ុយក្រែន ទៅនឹងរុស្ស៊ី ស្របពេលប្រធានាធិបតីរបស់បារាំង ក៏បានសន្យាផងដែរថា នឹងបញ្ជូនជំនួយផ្នែកយោធា និងជំនួយមនុស្សធម៌បន្ថែមទៀត ទៅកាន់អ៊ុយក្រែន ។
ជាក់ស្តែង សហរដ្ឋអាមេរិក រួមជាមួយប្រទេសមួយចំនួនទៀត បាននិងកំពុងតែបញ្ជូនជំនួយ ក៏ដូចជាសព្វាវុធ និងឧបករណ៍យោធាផ្សេងទៀត ទៅកាន់អ៊ុយក្រែន ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី កាលពីថ្ងៃទី ២៤ ខែកុម្ភ:មក ។
ហើយមិនតែប៉ុណ្ណោះ កាលពីដើមសប្តាហ៍មុន កងទ័ពអាកាសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយផ្នែកសន្តិសុខប្រមាន ២,៦ ពាន់លានដុល្លារដល់អ៊ុយក្រែន ស្របពេលប្រទេសលោកខាងលិចផ្សេងទៀត ក៏បានប្តេជ្ញាចិត្ត ក្នុងការបន្តផ្តល់ជំនួយដល់រដ្ឋាភិបាលទីក្រុង Kiev ផងដែរ ។
ដោយឡែក នៅក្នុងការហៅទូរស័ព្ទ ទៅកាន់លោក Volodymyr Zelenskyy កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ប្រទេសបារាំង នឹងបង្កើនការគាំទ្រផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់អ៊ុយក្រែន ។
លើសពីនេះ លោក Macron បានបញ្ជាក់ចំពោះការផ្តល់ជំនួយនេះថា បំណងប្រាថ្នារបស់លោក គឺដើម្បីធ្វើឱ្យសកម្ម ក្នុងអំឡុងពេលការកាន់អាណត្តិទីពីររបស់លោក ដើម្បីស្តារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃអ៊ុយក្រែនឡើងវិញ ។
គួរឱ្យដឹងថា ជាមួយបរិមានគ្រឿងបរិក្ខារយោធា ពីសំណាក់ប្រទេសលោកខាងលិច ចូលទៅក្នុងអ៊ុយក្រែន បានជំរុញឱ្យរដ្ឋាភិបាលវិមានក្រឹមឡាំង អះអាងថាប្រទេសរបស់អង្គការណាតូ កំពុងតែរារាំង ដំណោះស្រាយចំពោះសង្គ្រាម ៕
ប្រភព: Euronews