ក្រុមហ៊ុនបណ្ដាញសង្គម Twitter ត្រូវបានប្រែមុខមាត់ពីក្រុមហ៊ុនសាធារណៈមកជាក្រុមហ៊ុនឯកជន បន្ទាប់ពីបានទិញយកដោយមហាសេដ្ឋីមានបំផុតលើលោក Elon Musk ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៤ ពាន់លានដុល្លារអាមេរិក។
កន្លងមក មហាសេដ្ឋីអាមេរិកខាងលើធ្លាប់បង្ហើបដែរថា គោលបំណងក្នុងការបញ្ជាទិញក្រុមហ៊ុនបណ្ដាញសង្គមចាបខៀវ គឺចង់ឲ្យអ្នកប្រើប្រាស់ Twitter មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិដោយសេរី។
ប៉ុន្តែកាលពីពេលថ្មីៗនេះ លោកបានទម្លាយឲ្យដឹងបន្ថែមថា គោលបំណងធំមួយទៀត ក្រោយបានក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី គឺចង់ពង្រីកបណ្ដាញសង្គមខ្នាតយក្សមួយនេះ ឲ្យកាន់តែធំជាងមុន ទាំងនៅក្នុងប្រទេស និងទូទាំងសកលលោក។
“គោលបំណងរបស់ខ្ញុំគឺ នឹងធ្វើឲ្យ Twitter ក្លាយជាបណ្ដាញសង្គមដែលមានភាពទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសនិងនៅទូទាំងពិភពលោក តាមដែលខ្ញុំមានលទ្ធភាពអាចធ្វើទៅបាន”។ នេះបើតាមសម្ដីរបស់មេធំ Tesla បាននិយាយឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ។
បញ្ជាក់ដែរថា នៅពេលដែល Elon Musk ក្លាយជាម្ចាស់ក្រុមហ៊ុនថ្មី Twitter ជំហានដំបូងដែលលោកនឹងធ្វើ គឺលុបចោលឲ្យអស់នូវរាល់គណនីឆបោក (Spam Accounts) និងគណនីក្លែងក្លាយ ហើយនឹងព្យាយាមបើកសិទ្ធិឲ្យអ្នកប្រើប្រាស់បញ្ចេញមតិដោយសេរីតាមដែលអាចធ្វើទៅបាន៕
ប្រភព: Wionews