អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ សាងសង់បានជាង៣០%ហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ការងារសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ សម្រេចបាន៣៣,៥៨% ហើយ ខណ:គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងជំនួបពិភាក្សាការងារជាមួយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុង ក្រោយប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Dan Sellers និងភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីវឌ្ឍនភាពការងារសាងសង់មន្ទីរពេទ្យតេជោសែនកោះធំ។

ជំនួបនេះ បានពិភាក្សាពីគម្រោងបំពាក់បរិក្ខារវេជ្ជសាស្ត្រសម្រាប់ដំណើរការអគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ ការធានានិរន្តរភាពថវិកាសម្រាប់កិច្ចដំណើរការការបណ្តុះបណ្តាលបុគ្គលិកជំនាញក្រោមកិច្ចសហការពីមន្ទីរពេទ្យកាល់ម៉ែត ការរៀបចំបណ្តាញផ្គត់ផ្គង់អគ្គិសនី គម្រោងពិគ្រោះយោបល់ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងតាមម៉ូដែលស្វយ័ត និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀតសម្រាប់តម្រូវរបស់អគារថ្មីនៃមន្ទីរពេទ្យតេជោ សែនកោះធំ។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានឲ្យដឹថាគម្រោងសាងសង់អគារថ្មីនៃមន្ទីរពេទ្យតេជោសែនកោះធំ គិតត្រឹមចុងខែមេសា ឆ្នាំ២០២២ ការងារសាសង់សម្រេចបាន ៣៣,៥៨%ហើយ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយមុនពិធីបុណ្យចូលឆ្នាំខ្មែរ។

សូមរម្លឹកដែរថា មន្ទីពេទ្យនេះ បានបើកការដ្ឋានសាងសង់ កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល។ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន៖ ការសាងសង់អគារថ្មីចំនួន៣ខ្នង រួមមាន:

១.អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ។

២. អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មាន ទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

៣.អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។

អគារទាំង៣ ខាងលើនេះ មានទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបាន ចំនួន ១៥០ គ្រែ បំពាក់ដោយម៉ាស៊ីនត្រជាក់ សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យ ការព្យាបាល។

មន្ទីពេទ្យនេះ គ្រោងចំណាយពេលសាងសង់ចំនួន១២ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់ការសាងសង់សំណង់ហេដ្ឋារចនា សម្ព័ន្ធ នៅខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ៕