ឆ្នាំ២០២១ ខណ្ឌសែនសុខ បានរួមចំណែកជាង២០ភាគរយ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅភ្នំពេញ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមដំណាច់ឆ្នាំ២០២១ កន្លងទៅនេះ ខណ្ឌសែនសុខ កំពុងក្លាយបណ្តុំដោយ​គម្រោងបុរីលំនៅឋានដ៏លេចធ្លោមួយ ដែលមានចំណែកដល់ទៅជាង ២០ ភាគរយ​ នៃការផ្គត់ផ្គង់បុរីលំនៅឋានសរុបនៅរាជាធានីភ្នំពេញ។ នេះបើតាម​របាយការណ៍ស្រាវជ្រាវទីផ្សារអចលនទ្រព្យ ដែលបានបង្ហាញតាមរយៈគេហៈទំព័រអចលនទ្រព្យ 21  News ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈការស្រាវជ្រាវខាងលើ បានបញ្ជាក់ថា បុរី​លំនៅឋាន​​កាន់តែច្រើនឡើង នឹងជំរុញឱ្យខណ្ឌសែនសុខ មាន​​ស​កម្មភាពពាណិជ្ជកម្មកាន់តែមមាញឹក ហើយតម្លៃអចលនទ្រព្យកាន់តែមានសក្តានុពលខ្ពស់សម្រាប់ម្ចាស់ទ្រព្យ និង​អ្នកវិនិយោគនៅតំបន់នេះ។

ក្នុងនោះដែរ បើយោងតាមរបាយការណ៍ចុងក្រោយមួយរបស់ក្រុមហ៊ុន Knight Frank ធ្លាប់បានបង្ហាញដែរថា ការផ្គត់ផ្គង់​បុរីលំនៅឋានក្នុងខណ្ឌសែនសុខបានកើនដល់ជិត១ម៉ឺន៦ពាន់ខ្នង ឬស្មើនឹង ២២ ភាគរយ នៃការផ្គត់ផ្គង់លំនៅឋាននៅ​​រាជ​ធានីភ្នំពេញសរុប ៧២ ៥៥២ ខ្នង។ ខណ្ឌសែនសុខ មានចំណែកនៃការផ្គត់ផ្គង់លំនៅឋានច្រើនជាងគេនៃខណ្ឌទាំង ១៤ នៅភ្នំពេញ ហើយបន្ទាប់មកគឺខណ្ឌដង្កោ ដែលមានចំណែក ១៦ ភាគរយ។​

ខណ្ឌសែនសុខមានសង្កាត់សរុបចំនួន ៦ រួមមាន​ សង្កាត់ទឹកថ្លា ភ្នំពេញថ្មី ក្រាំងធ្នង់ អូរបែកក្អម ឃ្មួញ និង សង្កាត់​​គោក​ឃ្លាំង។ ខណ្ឌនេះជាតំបន់ដែលមានការអភិវឌ្ឍស្ទើគ្រប់ប្រភេទអចលនទ្រព្យ ដែលធ្វើឲ្យតម្លៃដីនៅ ​សង្កាត់​មួយចំនួន​មានការកើនឡើងយ៉ាងខ្លាំង។

ដោយឡែក បើតាមយោងតាមទិន្នន័យក្រុមហ៊ុន Century  21 Zillion Holding ប្រចាំសាខាខណ្ឌសែនសុខដែរនោះ ក៏បានបង្ហាញដែរថា ដីដាក់លក់ក្នុងខណ្ឌសែនសុខ អាចមានតម្លៃចាប់ពី ១៥០ ដល់ ៤ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើទីតាំងដីស្ថិតនៅបណ្តោយផ្លូវតូច និងធំ៕