មន្ត្រីដែលបាញ់ផ្អើលក្រុងតាខ្មៅត្រូវបានអាវុធហត្ថចាប់បញ្ជូនទៅតុលាការ

ព័ត៌មានថ្មីៗ

អាវុធហត្ថខេត្តកណ្ដាល បានបញ្ជូនមន្ដ្រីយោធាម្នាក់ ដែលផឹកស្រាស្រវឹង ហើយដកកាំភ្លើងបាញ់ចំនួន ៤គ្រាប់ ផ្អើលនៅខារ៉ាអូខេ B Gold ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាលយប់មិញ ទៅកាន់តុលាការខេត្តហើយ នៅរសៀលថ្ងៃទី៣ ខែមិថុនា
ឆ្នាំ២០១៩ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកណ្តាល ដែលទទួលបាននៅថ្ងៃទី០៣ ខែមិថុនានេះ បង្ហាញថា ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ៨៖៣០នាទីយប់ នៅចំណុចខារ៉ាអូខេ B-Gold ភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ សាន សុច អាយុ៣៨ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងមួយចំនួន ត្រូវបានសមត្ថកិច្ចរកឃើញនៅកន្លែងកើតហេតុ ដែលក្នុងនោះមាន ស្រោមកាំភ្លើងពណ៌ខ្មៅចំនួន០១, សោរ ម៉ូតូ១ចង្កោម (កូនសោរម៉ូតូ១, កូនសោររថយន្ត១ តេឡេរថយន្ត១)។ ជននេះ បានបើកាំភ្លើងខ្លី ម៉ាកឡុក ផ្ទុកគ្រាប់ចំនួន០៤ តែបានបាញ់ផ្ទុះ អស់៣គ្រាប់ (លេខA-USA 9MM-LUGER) ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច គឺនៅមុនកើតហេតុ បុរសខាងលើបានជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី២០១៩ ចូលផឹកស៊ីច្រៀងខារ៉ាអូខេ B Gold បន្ទប់លេខ888 ជាមួយមិត្តភក្តិប្រុស០២នាក់ទៀត មិនស្គាល់ឈ្មោះ។
បន្ទាប់មកក៏បានឈ្លោះប្រកែកគ្នាហើយ គេឃើញជនសង្ស័យដើរចេញមកក្រៅហាងចាក់កែបម៉ូតូយកកាំភ្លើងខ្លីម៉ាកឡុក ពណ៌ខ្មៅ យកដើរចូលទៅបាញ់ ក្នុងហាងខាងលើ ចំនួន០៣គ្រាប់។ ពេលនោះជនសង្ស័យបានស្រែកថា «អញឈ្មោះ អាសុច អាណាខ្លាំងចេញមកអញ បាញ់ឲ្យងាប់!! រួចហើយក៏ជិះម៉ូតូតាមផ្លូវ១១៥ ទៅទិសខាងលិច រួចក៏បាញ់ឡើងលើ០១គ្រាប់ទៀត គេចខ្លួនបាត់តែម្តង»៕



សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព