ការនាំចេញ​ទំនិញ​សំខាន់​បំផុត​ប្រចាំ​ស្រីលង្កា​ធ្លាក់ចុះ​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ជាង ២ ទសវត្ស​ចុងក្រោយ

អន្តរជាតិ

វិបត្តិ​សេដ្ឋកិច្ច​នៃ​ប្រទេស​ស្រីលង្កា​បាន​ធ្វើ​ឲ្យ​ការ​នាំចេញ​តែ​ដែល​ជា​ទំនិញ​សំខាន់​បំផុត​ប្រចាំ​ប្រទេស​ បាន​ធ្លាក់ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល ២៣ ឆ្នាំ​ចុងក្រោយ ដោយសារ​ការ​ហាម​មិន​ឲ្យ​នាំ​ចូល​នូវ​ជី​គីមី ស្របពេល​សង្គ្រាម​នៅ​អ៊ុយក្រែន​ផង។ នេះ​បើតាម​ទិន្នន័យ​បង្ហាញ​កាលពី​ថ្ងៃពុធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែ​គឺ​ជា​ទំនិញ​សំខាន់​បំផុត​ប្រចាំ​ប្រទេស​ដីកោះ​មួយ​នេះ ដែល​អាច​នាំ​ចំណូល​ប្រមាណ ១,៣ ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ មុន​ពេល​វិបត្តិ​សេដ្ឋកិច្ច​កើតមាន​ឡើង​ដែល​ជា​ព្រឹត្តិការណ៍​អាក្រក់​បំផុត​ចាប់តាំង​ពី​ប្រទេស​មួយ​នេះ​ទទួល​បាន​ឯករាជ​នៅ​ឆ្នាំ ១៩៤៨។

ក្រឡេក​ទៅ​មើល​មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​ការ​នាំចេញ​តែ​នៃ​ប្រទេស​មួយ​នេះ​ធ្លាក់ចុះ ដោយសារ​កាលពី​ឆ្នាំ​ទៅ​រដ្ឋាភិបាល​បាន​ចេញ​បម្រាម​សម្រាប់​ការ​នាំចូល​ជីគីមី​ពី​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ការ​ផលិត​ធ្លាក់ចុះ ១៨%។

ដោយឡែក សម្រាប់​ត្រីមាស​ទីមួយ​នៅ​ឆ្នាំ ២០២២ នេះ​វិញ ការ​នាំចេញ​តែ​បាន​ធ្លាក់ចុះ​ពី ៦៩,៨ លាន​គីឡូ មក​នៅ​ត្រឹម ៦៣,៧ លាន​គីឡូ បើ​ធៀប​នឹង​ឆ្នាំ​ទៅ ខណៈ​ចំណូល​ក៏​ធ្លាក់ចុះ​ពី ៣៣៨ លាន​ដុល្លារ​ មក​សល់​ត្រឹម ២៨៧ លាន​ដុល្លារ​ផងដែរ។

ជាមួយ​គ្នា​នោះ​ក្រុមហ៊ុន​លក់តែ​ប្រចាំ​ប្រទេស Asia Siyaka បាន​ចោទប្រកាន់​ថា​ការ​ធ្លាក់ចុះ​នៃ​ការ​នាំចេញ​តែ​គឺ​ដោយសារ​ បម្រាម​នាំ​ចូល​ជីគីមី​ពី​ក្រៅ​ប្រទេស​ដែល​បណ្ដាល​ឲ្យ​ការ​ផលិត​មាន​ការ​ធ្លាក់ចុះ និង​មិន​អាច​បំពេញ​តម្រូវការ​អន្តរជាតិ​បាន​គ្រប់គ្រាន់។

បើ​ទោះ​បីជា​រដ្ឋាភិបាល​បាន​លុបចោល​ច្បាប់​នាំចូល​ជី​ពី​ក្រៅប្រទេស​កាលពី​ខែតុលា​មែន​ក្ដី តែ​អ្វីៗ​ហួសពេល​ទៅហើយ ដ្បិត​ប្រជាកសិករ​ទាំងអស់​សុទ្ធតែ​គ្មាន​លុយ​ដុល្លារ​ដើម្បី​ទិញ​ជី​ពី​ក្រៅ​ស្រុក ដោយសារ​ប្រទេស​ដីកោះ​មួយ​នេះ​បាន​ផុង​ខ្លួន​ជ្រៅ​ក្នុង​រណ្ដៅ​បំណុល​បាត់​ទៅហើយ៕

ប្រភព: RFI