ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងគម្រោង MUSEFO នៃអង្គការ GIZ លើការអនុវត្តគម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាសជាផ្លូវការហើយ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។
ពិធីចុះ MOU លើគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,លោកស្រី ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFO នៃអង្គការ GIZ។
ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល១៥ខែ។ឯកឧត្តមថា គម្រោងនេះផ្ដោតលើរោងចក្រចំនួន១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន ២១ ១៦៦នាក់ តាមរយៈការផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។
ជាមួយគ្នានេះ លោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេសអង្គការ Helen Keller បានបញ្ជាក់ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។
លោកស្រីថា កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាពនិងថាមពលមាំមួន ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន ព្រមទាំងការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
មិនតែប៉ុណ្ណោះ លោកស្រីបន្ថែមថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោងនេះ នឹងសម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខ។
គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្រសួងរំពឹងទុកថា គម្រោងនេះមិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀតផង៕