សម្ដេច ហ៊ុន សែន ៖ផ្លូវ​ក្រោម​ទឹក និង​ស្ពាន​អាកាស​ចំនួន​ ៤ ទៀត នឹងមាន​វត្តមាន​នៅ​កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា បានលើក​ឡើងថា បច្ចុប្បន្ន កម្ពុជា បាននឹងកំពុងយកចិត្ដទុក​ដាក់លើ​ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័នជាច្រើនដូចជា ផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពាន​ឆ្លងទន្លេ ស្ពានអាកាស និងកំពង់ផែជាដើម ដើម្បីធ្វើយ៉ាងណាឲ្យការដឹកជញ្ជូន និងការ​ធ្វើដំណើររបស់ប្រជាជន មានភាពងាយស្រួល។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បាន​ថ្លែង​ថា នា​ពេល​ខាង​មុខ​នេះ​កម្ពុជា​នឹង​ធ្វើ​ស្ពាន​អាកាស ៤​កន្លែង​ទៀត ​ដើម្បី​បំពេញ​តម្រូវការពលរដ្ឋ​ក្នុង​ការ​ធ្វើដំណើរ ខណៈ​ស្ពាន​អាកាស​ ៥​កន្លែងកំពុង​ដាក់​ឲ្យ​ប្រើប្រាស់រួចហើយ។ ការលើក​ឡើង​​របស់សម្ដេចធ្វើឡើងក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​៣ ប្រវែង​ ៥២,៩៨៣​គីឡូ​ម៉ែត្រ​ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដា​ល​កាលពីដើមខែមករា ឆ្នាំ​២០១៩​ កន្លងទៅ។

ចំពោះផ្លូវក្រោមទឹកវិញ សម្តេចបានបញ្ជាក់ដូច្នេះថា «តិចទៀតនឹងធ្វើផ្លូវក្រោមទឹក ដោយមិនបាច់ធ្វើស្ពានឆ្លងទន្លេទៀតទេ។ សូមជម្រាបថា ផ្លូវក្រោមទឹកនេះបច្ចុប្បន្ន​ក៏មាន​​ក្រុមហ៊ុន OCIC កំពុងសិក្សាលទ្ឋ​ភាពដើម្បី​សាងសង់ ពីកោះពេជ្រ​ទៅកាន់​ទីក្រុង​កោះ​នរាហ៍ផងដែរ»។

ដោយឡែក ស្ពានអាកាសវិញ នាពេលបច្ចុប្បន្ន កម្ពុជាមានចំនួន ៥ ហើយដែល​កំពុង​ដាក់​ឲ្យប្រើប្រាស់ ដោយក្នុងនោះរួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស​៧មករា ឬហៅក្រៅថា ស្ពានអាកាសពេទ្យលោកសង្ឃ, ស្ពានអាកាសស្ទឹងមានជ័យ, ស្ពានអាកាសទិចណូ, ស្ពានអាកាសផ្សារដីហុយ។

ហើយនាពេលខាងមុខស្ពានអាកាសរង្វង់មូលចោមចៅ ដែលជាស្ពានអាកាសទី៦​របស់កម្ពុជា ក៏នឹងត្រូវដាក់ឲ្យដំណើរការផងដែរ ខណៈបច្ចុប្បន្នការសាង​សង់សម្រេច​បានមួយភាគធំហើយ ក្នុងនោះក្រុមការងារសាងសង់ក៏កំពុង​ដុតដៃដុតជើងលើការ​សាង​សង់យ៉ាងមមាញឹកផងដែរ ៕ អត្ថបទ៖ សិរិកា