ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដែលមានសមាជិកក្រុមហ៊ុនធំៗលំដាប់ពិភពលោក បានបង្ហាញការចាប់អារម្មណ៍ចង់ជួយក្រសួងសារធារណៈការ និងដឹកជញ្ជូន លើរឿងធំៗចំនួន៣ ដើម្បីជំរុញវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជាឲ្យកាន់តែប្រសើរឡើង។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន(US-ABC) ដឹកនាំដោយឯកឧត្ដម ឯកអគ្គរដ្ឋទូត Michael W. Michalak កាលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។
ក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការចូលរួមពីលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំនៅកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោក Benjamin V. Wohlauer អនុ ប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្រៅពីបានធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលសម្រេចនិងកំពុងអនុវត្តបន្តហើយនោះ។ ឯកឧត្តមក៏ លើកឡើងពីគម្រោងកសាងចំណតផែកុងតឺន័រថ្មីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ដែលអនុញ្ញាតឱ្យនាវាធំៗលើពិភពលោកចូលចត និងដឹកជញ្ជូនទំនិញទៅកាន់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសសហរដ្ឋអាមេរិកផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម ក៏បានលើកឡើងអំពីសារសំខាន់នៃការរៀបចំប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈ ដើម្បីគាំទ្រដល់ការផ្ដល់សេវាសាធារណៈឱ្យស្របទៅនឹងបច្ចុប្បន្នភាពនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់៤.០ ឬហៅថា៖ ឌីជីថលភាវូបនីយកម្ម (Digitalization) ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការប្រឡងយកបណ្ណបើកបរ និងប្រព័ន្ធគ្រប់គ្រងពិន័យអំពើល្មើសច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរផងដែរ។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនធំៗលំដាប់ពិភពលោកខាងលើ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចង់ជួយកម្ពុជាលើបញ្ហាពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលផ្ដោតលើចំណុចសំខាន់បីរួមមាន៖
១. ការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងហានិភ័យខ្ពស់បង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ និងយានយន្តធំៗបើកបរ នៅពេលយប់ ២. ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធសម្រាប់សុវត្តិភាពចរាចរណ៍ និង៣. សុវត្ថិភាព ចរាចរណ៍នៅតាមតំបន់ដែលមាននិស្សិតសិស្សឆ្លងកាត់។
ដោយឡែក ទាក់ទងនឹងការប្រើប្រាស់យានយន្តអគ្គិសនី តំណាងក្រុមហ៊ុនធំៗទាំងនោះ ក៏បានស្នើឱ្យក្រសួងពិនិត្យលទ្ធភាពបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីកំណត់ស្តង់ដារលើការប្រើប្រាស់រថយន្តថាមពលអគ្គិសនី ក៏ដូចជាស្ថានីយបញ្ចូលថាមពលអគ្គិសនីផងដែរ។
គួរបញ្ជាក់ដែរថា ជុំវិញការលើកឡើងពីសំណាក់តំណាងក្រុមហ៊ុនធំៗខាងលើ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ឯកឧត្តម ស៊ុន ចានថុល បានសន្យាជួយសម្របសម្រួលដល់ក្រុមហ៊ុនទាំងនោះដែលមានបំណងដាក់ទុនវិនិយោគនៅកម្ពុជា និងបានស្នើសុំការគាំទ្រលើការកសាងសមត្ថភាពរបស់មន្ត្រីរាជការក្រសួង ជាពិសេសមន្ត្រីជំនាញបច្ចេកទេសទាក់ទងនឹងភាព ជាអ្នកដឹកនាំ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗ ដើម្បីជួយឱ្យពួកគាត់អាចបំពេញការងាររបស់ខ្លួនកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕