កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា នឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ ដោយមានលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ា និងលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងឋានៈជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌របស់អាស៊ាន ធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ។
តាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ បានអោយដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ នឹងត្រូវបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយតំណាងជាន់ខ្ពស់មកពីប្រទេសជាសមាជិកអាស៊ានទាំងអស់ ដៃគូខាងក្រៅរបស់អាស៊ាន ទីភ្នាក់ងារ ជំនាញអង្គការសហប្រជាជាតិ និងបណ្តាអង្គការអន្តរជាតិពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។
កិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងផ្តល់ជាវេទិកាកម្រិតខ្ពស់មួយសម្រាប់អាស៊ានធ្វើការពិភាក្សា ផ្ដួចផ្ដើមឱ្យមានកិច្ចសន្ទនាមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីផ្តល់នូវមគ្គុទ្ទេសក៍អំពីរបៀប ក្នុងការជំរុញជំនួយមនុស្សធម៌របស់អាស៊ានឱ្យទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងត្រូវការបំផុត ដោយឈរលើគោលការណ៍មនុស្សធម៌ និងគ្មានការរើសអើង។
កិច្ចប្រជុំពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ដែលមានការព្រមព្រៀងគ្នាទៅវិញទៅមកលើវិធីសាស្ត្រក្នុងការពង្រឹងបន្ថែមនូវការផ្ដល់ជំនួយមនុស្ស ធម៌នៅមីយ៉ាន់ម៉ា ដើម្បីធានាបានថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះទេ, ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre), និងវិធីសាស្ត្រនានាដែល ជួយគាំទ្រទៅដល់ការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅដល់សហគមន៍នានានៅមីយ៉ាន់ម៉ា៕