ជាទូទៅគេឱ្យយើងគេងឱ្យបាន៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ បើមិនអ៊ីចឹងទេហោចណាស់ក៏គេងឱ្យបាន៦ម៉ោងដែរក្នុងមួយថ្ងៃ។ ប្រសិនបើគេងលក់តិចជាង៦ម៉ោងក្នុងមួយថ្ងៃយើងនឹងកើតជំងឺផ្សេងៗដូចជា ខូចចិត្តឬតប់ប្រម៉ល់ មហារីក ទឹកនោមផ្អែម គាំងបេះដូង ស្លាប់មួយចំហៀនខ្លួន ឡើងទម្ងន់ ធ្វើឱ្យយើងស៊ីសឺៗ ខួរក្បាលដើរមិនល្អឬស្ទក់ៗ និងគ្មានថាមពលក្នុងការបំពេញការងារ។
ម្យ៉ាងវាធ្វើឱ្យប៉ះពាល់ដល់អរម៉ូនទាំងបុរសទាំងស្រ្តី។ ពិសេសធ្វើឱ្យស្រ្តីមកថ្ងៃខែអត់ទៀងទាត់ ឬអត់មកថ្ងៃខែ (អត់មករដូវ) តែម្ដង។ បើអត់មកថ្ងៃខែ នឹងបង្កឱ្យស្រ្តីមានជំងឺពាក់ព័ន្ធនឹងអូវុល និងមានជំងឺតឹងតែងផ្លូវចិត្តឬផ្លូវអារម្មណ៍។ មិនតែប៉ុណ្ណោះ បើយើងគេងអត់លក់ស្កប់ស្កល់ទេ នោះយើងមិនអាចហាត់ប្រាណប្រចាំថ្ងៃបានទេ ព្រោះយើងអស់កម្លាំង។ ផ្ទុយទៅវិញ បើសិនយើងគេងលក់បានស្កប់ស្កល់ នោះសុខភាពយើងនឹងល្អប្រសើរ កាត់បន្ថយជំងឺ ហើយញ៉ាំតិចជាងធម្មតា។
សូមជម្រាបជូនថា មានកត្តាច្រើនយ៉ាងដែលអាចជួយយើងឱ្យគេងលក់ស្កប់ស្កល់គឺ
១. ពេលនៅក្នុងការិយាល័យធ្វើការពេលថ្ងៃ យើងត្រូវបើកភ្លើងឱ្យភ្លឺ ឬបើកបង្អួចឱ្យមានពន្លឺជះចូល ដើម្បីកុំឱ្យងងុយគេងពេលថ្ងៃ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដំណេកពេលយប់របស់យើង។
២. ក្នុងមួយថ្ងៃហោចណាស់ត្រូវឱ្យត្រូវពន្លឺថ្ងៃ២ទៅ៣ម៉ោង ប៉ុន្តែបើធ្វើការក្នុងការិយាល័យគ្មានពេលចេញក្រៅត្រូវពន្លឺថ្ងៃ យើងគួរតែបើកអំពូលភ្លើងឱ្យភ្លឺ ព្រោះអីបើយើងបើភ្លើងអំពូលកាន់តែភ្លឺណាស់ នោះពេលយប់យើងនឹងគេងកាន់តែលក់ស្កប់ស្កល់ណាស់ដែរ។ សូមចាំថា បើយើងត្រូវពន្លឺថ្ងៃបានពីរម៉ោងក្នុងមួយថ្ងៃ នោះយើងនឹងគេងលក់បានស្កប់ស្កល់លើសពីពីរម៉ោង។
៣. ពេលយប់ត្រូវបន្ថយភ្លើងពណ៌ខៀវ។ ភ្លើងពណ៌ខៀវមានដូចជា ទូរសព្ទ ទូរទស្សន៍ លេបថប និងកុំព្យូទ័រជាដើម។ ភ្លើងឧបករណ៍ទាំងហ្នឹង បើកាន់តែជះពន្លឺខ្លាំងណាស់ វារឹតតែធ្វើឱ្យយើងគេងអត់ លក់ខ្លាំងណាស់។ មែនទែនទៅ លេបថប និងទូរទស្សន៍ជាដើមនោះ គេឱ្យយើងបិទមុនពេលចូលគេង២ម៉ោង ព្រោះវាធ្វើឱ្យប៉ះទង្គិចដល់កោសិកាខួរក្បាលរបស់យើង និងអរម៉ូនរបស់យើងមួយប្រភេទគេហៅថា អរម៉ូន Melatonin។
៤. ពេលល្ងាចត្រូវកាត់បន្ថយការញ៉ាំជាតិ Caffeine ដែលមាននៅក្នុងតែ និងកាហ្វេ។ ជាតិ Caffeine វាដំណើរការនៅក្នុងឈាមយើងរយៈពេល៦ទៅ៨ម៉ោង។ ហេតុនេះបើយើងញ៉ាំវាពេលល្ងាច ពេញមួយយប់ហ្នឹងយើងគេងអត់លក់ទេ។ អ៊ីចឹងចំពោះកាហ្វេ និងតែ បើសិនម៉ោង៣ឬ៤រសៀលហើយ យើងគួរតែឈប់ញ៉ាំវាទៅ។ ដ្បិតថាជាតិ Caffeine ហ្នឹងញ៉ាំពេលល្ងាចធ្វើឱ្យប៉ះពាល់ដំណេក តែបើយើងញ៉ាំត្រូវកាល នោះវានឹងជួយឱ្យយើងហាត់ប្រាបានល្អ ខួរក្បាលឈ្លាសវៃ ហើយជួយឱ្យយើងផ្ចង់បានល្អថែមទៀតផង។
៥. ត្រូវតែចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់និងទាន់ពេលវេលា។ ចៀសវាងថ្ងៃហ្នឹងគេងម៉ោងនេះ ថ្ងៃស្អែកគេងម៉ោងនោះ ថ្ងៃនេះក្រោកពីគេងម៉ោងនេះ ថ្ងៃស្អែកក្រោកពីគេងម៉ោងនោះ។ យើងគួរចងចាំដែរថា ប្រសិនបើចូលគេង និងក្រោកពីគេងអត់បានទៀងទាត់ទេ នោះការគេងរបស់យើងក៏អត់បានស្កប់ស្កល់ដែរ។
៦. កុំទម្លាប់គេងពេលថ្ងៃ ព្រោះវាក៏ធ្វើឱ្យដំណេកពេលយប់របស់យើងមិនស្កប់ស្កល់ដែរ។ ពលរដ្ឋស្រុកយើងចូលចិត្តតែគេងពេលថ្ងៃ១ទៅ២ម៉ោង ដែលទម្លាប់នេះបណ្ដុះឱ្យយើងខ្ជិល ខ្សោយកម្លាំង ហើយខួរក្បាលដំណើរការមិនល្អ។ ពលរដ្ឋគេគេមិនដែលគេងថ្ងៃដូចស្រុកយើងទេ គឺគេគ្រាន់តែសម្រាក១០ទៅ១៥នាទីតែប៉ុណ្ណោះ។ ការសម្រាកពេលថ្ងៃ១៥នាទី វាធ្វើឱ្យខួរក្បាលយើងស្រឡះ និងឈ្លាសវៃ។
៧. ត្រូវហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជាប្រចាំ វាធ្វើឱ្យរាងកាយយើងមាំទាំ និងគេងពេលយប់បានស្កប់ស្កល់។ តាមការកត់សម្គាល់ អ្នកដែលអត់ហាត់ប្រាណ ពួកគេច្រើនតែមានបញ្ហាផ្លូវចិត្ត បញ្ហាសុខភាព និងមានបញ្ហាគេងជាដើម។ ដូច្នេះការហាត់ប្រាណមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនត្រូវហាត់ប្រាណពេលល្ងាចទេ ព្រោះវាក៏ធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់យើងផងដែរ។
៨. ត្រូវញ៉ាំថ្នាំជំនួយដែលមានជាតិ Melatonin។ ដ្បិតថាវាជាប្រភេទថ្នាំងងុយគេងក៏ពិតមែន ប៉ុន្តែវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬញៀននោះឡើយ។
៩. ត្រូវយកផ្កា lavender មកឆុង ឬដាំទឹកញ៉ាំ ព្រោះវាជួយឱ្យយើងគេងឆាប់លក់។
១០. មិនត្រូវញ៉ាំជាតិអាល់កុលទេ។ អ្នកខ្លះថាញ៉ាំជាតិអាល់កុលធ្វើឱ្យគេងលក់ស្រួល។ ដ្បិតថាពេលស្រវឹងធ្វើឱ្យគេលក់ស្រួលក៏ពិតមែន ប៉ុន្តែថ្ងៃក្រោយធ្វើឱ្យប៉ះទង្គិចដល់ការគេងខ្លាំងណាស់។ វាធ្វើឱ្យយើងគេងអត់ស្កប់ស្កល់ ហើយអន្ទះអន្ទេង។ ម្យ៉ាងការញ៉ាំជាតិអាល់កុល វាធ្វើឱ្យយើងឡើងគីឡូ។ កាលណាឡើងគីឡូ វានឹងដុះសាច់បំពង់ក ដែលធ្វើឱ្យពេលយើងគេងលក់ស្ទះខ្យល់បំពង់ក។ បើសិនជាស្ទះខ្យល់បំពង់ក យើងនឹងភ្ញាក់ពីដំណេកមិនខានទេ។
១១. កន្លែងគេងមិនត្រូវមានពន្លឺខ្លាំងពេក និងឮសំឡេងខ្លាំងពេក ហើយក៏មិនត្រូវមានសីតុណ្ហភាពក្ដៅពេក និងត្រជាក់ពេកផងដែរ។ សីតុណ្ហភាពក្នុងបន្ទប់គេង ត្រឹមតែ២០អង្សាសេ គឺល្អប្រសើរបំផុតចំពោះសុខភាព និងដំណេករបស់យើង។
១២. ត្រូវធ្វើសមាធិ។ ការធ្វើសមាធិ វាធ្វើឱ្យអារម្មណ៍យើងមូល ហើយធ្វើឱ្យយើងគេងលក់បានស្កប់ស្កល់។
១៣. មុនពេលចូលគេងមិនត្រូវញ៉ាំទឹកច្រើនពេកទេ ព្រោះយប់ឡើងវាធ្វើឱ្យយើងក្រោកបត់ជើងតូចញឹកញាប់។ កាលណាយើងក្រោកបត់ជើងតូចញឹកញាប់ នោះដំណេករបស់យើងមិនអាចស្កប់ស្កល់ ឬគ្រាប់គ្រាន់បានឡើយ។
ប៉ុន្តែសូមចាំថា ប្រសិនបើអ្នកអនុវត្តនូវចំណុចទាំងអម្បាលម៉ានហ្នឹងហើយនៅតែគេងមិនលក់ស្កប់ស្កល់ទៀត អ្នកត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីគ្រូពេទ្យតាមដានអាការរោគ និងព្យាបាលឱ្យបានត្រឹមត្រូវ៕
ប្រភព៖ MJQ University Press