កំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងខេត្តកំពត ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងទំហំទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។
ឧបនាយករដ្ឋមន្ត្រី លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានចាត់ទុកការសាងសង់ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៅក្នុងខេត្តកំពត និងប្រទេសកម្ពុជា។ លោកចាត់ទុកគម្រោងនេះ ជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន ក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលនឹងបំពេញបន្ថែមទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែធំពីររបស់រដ្ឋគឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជា កំពង់ផែឯកជនមួយចំនួនទៀតក៏ដោយ។
លោកឧបនាយករដ្ឋមន្រ្តីថ្លែងថា៖ «យើងសង្ឃឹមថា គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងលើកកម្ពស់សេវាភស្តុភារកម្ម និងកំពង់ផែរបស់កម្ពុជាឱ្យកាន់តែសម្បូរបែប និងអាចប្រកួតប្រជែងជាមួយនឹងកំពង់ផែប្រទេសជិតខាងបានផងដែរ»។
ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ «ផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ដូច្នេះគម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏នឹងជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេនេះ ដែលនឹងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សូមជម្រាបថា កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១០,០០០កន្លែង នៅពេលគម្រោងវិនិយោគនេះ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការនាពេលខាងមុខ៕